សម្តេចតេជោ ហ៊ុន សែន រំពឹងលទ្ធផលក្រោយកម្ពុជាធ្វើអំពើល្អ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់នូវលទ្ធផលដែលនឹងទទួលបានមកវិញ ជុំវិញការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង លើទឹកដី នៃប្រទេសកម្ពុជា ដោយការមិនតម្រូវឱ្យធ្វើការបង់ប្រាក់សម្រាប់ការចូលទស្សនា, ការផ្សាយបន្តផ្ទាល់ និងការរៀបចំផ្គត់ផ្គង់ដល់ក្រុមកីឡាករបរទេសមកចូលរួមទាំងអស់ ដែលជាការរ៉ាប់រងបន្ទុកទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាធម្មតាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមតាមប្រទេសក្នុងអាស៊ានដែលរៀបចំកន្លងមកនេះ គឺតែងតម្រូវឱ្យប្រតិភូកីឡាបង់ថ្លៃសម្រាប់ការហូបចុកសម្រាប់ម្នាក់ៗ ចំនួន ៥០ដុល្លារ ក្នុងមួយថ្ងៃ…ការលក់សំបុត្រចូលទស្សនា…ចំណែកការផ្សាយនូវព្រឹត្តិការណ៍ផ្ទាល់ទៅក្នុងតំបន់ និងពិភពលោក ត្រូវធ្វើការដេញថ្លៃ ដើម្បីរកសិទ្ធិផ្សាយ និងជារឿយៗគេតែងចំណាយបង់ប្រាក់ច្រើនដល់សិបម៉ឺនដុល្លារ ដើម្បីអាចទទួលសិទ្ធិក្នុងផ្សាយបន្តផ្ទាល់ក្នុងព្រឹត្តិការណ៍ដែលតែងមានក្នុងរយៈពេល២ឆ្នាំម្តង។

ប៉ុន្តែសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៣ ដែលរៀបចំព្រឹត្តិការណ៍កីឡា ក្នុងតំបន់ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាមិនតម្រូវឱ្យធ្វើការបង់ប្រាក់ទាំងនេះឡើយ។ អ្វីៗគឺផ្តល់ជូនដោយឥតគិតថ្លៃ។ ការរៀបចំរបស់រាជរដ្ឋាភិបាលនេះ ត្រូវបានមនុស្សដែលមានទំនោរប្រឆាំង បានធ្វើការរិះគន់ ប៉ុន្តែសម្តេចតេជោបានថ្លែងនៅថ្ងៃទី២៥ មេសា បង្ហាញការជឿជាក់ថាលទ្ធផលគង់នឹងកម្ពុជាទទួលបានមកវិញ ចំពោះអំពើល្អរបស់ប្រទេសកម្ពុជានេះ។

ព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវបើកនាល្ងាចថ្ងៃទី៥ ឧសភា ខណៈការប្រកួតបាល់ទាត់នឹងត្រូវរៀបចំធ្វើមុន ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងមានរយៈពេល១២ថ្ងៃ គឺរវាងពីថ្ងៃទី០៥ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣…ចំណែកការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា។

ads banner