ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមាន ខណៈសីតុណ្ហភាពកម្ដៅ អតិបរមានៅតែស្ថិតក្នុងរង្វង់ពី៣៣ ទៅ៣៨អង្សាសេ ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ។ យោងតាមការព្យាករណ៍ ការបន្តស្ថិតក្នុងសីតុណ្ហភាពដ៏ក្តៅដដែលនេះ គឺដោយសារកម្ពុជា បានទទួលរងនូវឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ទៅមធ្យម និងមានខ្យល់ប្រែប្រួល។

យោងតាមការព្យាករណ៍, រវាងពីថ្ងៃទី២៦ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពកម្រិតអប្បបរមានឹងមាន រវាងពី២៥ ទៅ២៧អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា នឹងមានរវាងពី៣៦ ទៅ៣៨អង្សាសេ។ យោងតាមការព្យាករណ៍ ក្នុងតំបន់ទំនាបកណ្ដាលនេះ មានផ្នែកមួយចំនួន នៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរនៅផ្នែកខ្លះ ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ។

ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២៥ ទៅ២៧ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី៣៥ទៅ៣៧ អង្សាសេ។ តាមការព្យាករណ៍ ក្នុងតំបន់ខ្ពង់រាបនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកនៅតំបន់មាត់សមុទ្រនោះវិញ នឹងមានសីតុណ្ហភាពអប្បបរមា នឹងមានរវាងពី២៥ ទៅ ២៧អង្សាសេ, ចំណែកសីតុណ្ហភាពកម្ដៅអតិបរមា នឹងមានរវាងពី៣៣ ទៅ ៣៥អង្សាសេ។ ការព្យាករណ៍បានបង្ហាញថា នៅតំបន់មាត់សមុទ្រនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្ដដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះផងដែរ។

ads banner