ក្រសួងសុខាភិបាលនឹងចាត់វិធានការតាមច្បាប់ចំពោះម្ចាស់គ្រឹះស្ថានណាដែលនៅតែបន្តផ្សព្វផ្សាយផលិតផលដោយគ្មានការអនុញ្ញាតពីក្រសួង
ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងចាត់វិធានតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះម្ចាស់គ្រឹះស្ថាន ឬបុគ្គលណាដែលនៅតែបន្តផ្សព្វផ្សាយផលិតផលគ្រប់រូបភាព ដោយគ្មានការអនុញ្ញាតពីក្រសួង ខណៈដែលសង្គមស៊ីវិល ស្នើឲ្យក្រសួងអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងត្រូវត្រួតពិនិត្យជាប្រចាំបន្ថែមទៀត ទៅលើគ្រឹះស្ថានដែលចែកចាយផលិតផលឱសថ។
បើយោងតាមលិខិតដែលចុះហត្ថលេខាដោយឯកឧត្តម ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាលចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣បានឱ្យដឹងថា មានម្ចាស់គ្រឹះស្ថានមួយចំនួនបានគោរពត្រឹមត្រូវស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិជាធរមានចំពោះការផ្សព្វផ្សាយឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព ឧបករណ៍បរិក្ខារពេទ្យ ផលិតផលជំនួយសុខភាព ឬគ្រឿងសម្អាង ដែលបានស្នើសុំច្បាប់អនុញ្ញាតមកក្រសួងសុខាភិបាល នូវរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាព។
ឯកឧត្តមបន្តថា ទន្ទឹមគ្នានេះដែរក្រសួងសុខាភិបាលក៏បានសង្កេតឃើញថា នៅមានម្ចាស់គ្រឹះស្ថានមួយចំនួនទៀត អនុវត្តមិនទាន់បានត្រឹមត្រូវនូវឡើយ ដោយមិនបានស្នើសុំច្បាប់អនុញ្ញាតផ្សព្វផ្សាយផលិតផលទាំងនេះមកក្រសួងសុខាភិបាលនៅឡើយ។
ឯកឧត្តម ហេង ប៊ុនគៀត បានឱ្យដឹងតាមរយៈលិខិតនេះថា ៖ «ដើម្បីពង្រឹងការអនុវត្តឲ្យស្របតាមច្បាប់ក្រសួងសុខាភិបាល ស្នើឱ្យម្ចាស់គ្រឹះស្ថាន ត្រូវសុំច្បាប់អនុញ្ញាតមកក្រសួង មុនពេលធ្វើការផ្សព្វផ្សាយឱសថបុរាណ ឱសថសម័យ ផលិតផលបំប៉នសុខភាព ឧបករណ៍បរិក្ខារពេទ្យ ផលិតផលជំនួយសុខភាព ឬគ្រឿងសម្អាង តាមគ្រប់មធ្យោបាយ និងតាមគ្រប់រូបភាពទាំងអស់»។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គ្រឹះស្ថាន ឬបុគ្គលណាដែលនៅតែបន្តផ្សព្វផ្សាយផលិតផលទាំងនេះ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ស្របតាមច្បាប់ ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីគ្រប់គ្រងឱសថជាធរមាន»។
ទាក់ទងនឹងចំណុចនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា កន្លងមកលោកមើលឃើញថា ក្រសួងសុខាភិបាលបានធ្វើការងារនេះជាច្រើនមកហើយ មានទាំងការត្រួតពិនិត្យ មានទាំងការចេញចរាចរហាមឃាត់ ជាពិសេសមានទាំងការរឹបអូសបានយកទៅកម្ទេចចោលជាដើម។
លោកថា ៖ «ខ្ញុំគិតថាចំណាត់ការនេះ មានប្រសិទ្ធភាព សំខាន់វាល្អដែលក្រសួងបានមើលឃើញបញ្ហាហ្នឹង ហើយខ្ញុំក៏មើលឃើញថាមានបញ្ហាដែលនៅសេសសល់ខ្លះ តាមរយៈការផ្សព្វផ្សាយការលក់លើអនឡាញ ដែលក្រសួងត្រូវធ្វើការគ្រប់គ្រង ពិសេសក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលគេជាអ្នកគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត»។
លោកបានបន្តថា ចំពោះការលក់តាមឱសថស្ថាន គ្រឹះស្ថានផ្សេងៗ ក្រសួងសុខាភិបាល មានចំណាត់ការ និងអនុវត្តបានយ៉ាងល្អរួចហើយ ដូចជា ការចុះត្រួតពិនិត្យ និងឆែកឆេរជាដើម។
ជុំវិញរឿងនេះដែរលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មើលឃើញជាទូទៅមានបុគ្គលមួយចំនួនតែងតែយកផលិតផលរបស់ខ្លួនធ្វើការផ្សព្វផ្សាយ ដោយផ្សារភ្ជាប់ទំនាក់ទំនងជាមួយការព្យាបាលជំងឺ ដែលស្ទើរតែយល់ច្រឡំថាផលិតផលទាំងអស់នោះ ជាឱសថសម្រាប់ព្យាបាលជំងឺ ស្របពេលដែលក្រសួង កន្លងមកក៏មានចំណាត់ការហាមឃាត់ការផ្សព្វផ្សាយផលិតផលបែបនេះដែរ ប៉ុន្តែវាហាក់បីដូចជាមិនទាន់មានប្រសិទ្ធបានទាំងស្រុងនោះឡើយ។
លោក សន ជ័យ បានប្រាប់ថា លោកសង្ឃឹមលើស្ថាប័នពាក់ព័ន្ធដែលដឹកនាំដោយក្រសួងសុខាភិបាល នឹងចាត់វិធានយ៉ាងម៉ឺងម៉ាត់ទៅលើបញ្ហានេះ ខណៈពេលដែលអ្នកប្រើប្រាស់គ្រឿងសម្អាង ឬក៏អ្នកប្រើប្រាស់អាហារបំប៉នអ្វីមួយចំនួន កំពុងរងផលប៉ះពាល់ទៅដល់សុខភាព។
ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ក៏បានលើកឡើងដែរថា វាជារឿងល្អដែលក្រសួងសុខាភិបាល មានចំណាត់ការទៅលើបុគ្គលដែលជាអ្នកចែកចាយ ឬផ្សព្វផ្សាយផលិតផលណាមួយដែលមិនបានទទួលស្គាល់ និងអនុញ្ញាតពីក្រសួងសុខាភិបាល។
លោកបញ្ជាក់ថា៖ «ក្រសួងត្រូវតែពង្រឹងចំណាត់ការនេះនិងត្រូវអនុវត្តជាប់ជាប្រចាំ កុំឱ្យគេគិតថាការប្រកាសរបស់ក្រសួងនេះ គ្រាន់តែជាការកម្លាក្នុងរយៈពេលណាមួយ ហើយត្រូវបាត់ទៅវិញ ដែលធ្វើឱ្យជនខិលខូចគ្រាន់តែសម្ងំ»៕ ដោយ៖ ជា សុខនី