សម្ដេចក្រឡាហោម ស ខេង ស្នើភាគីវៀតណាមបន្តការបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើសុំភាគីវៀតណាមឱ្យបន្តការទទួលធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនគរបាលនៃប្រទេសទាំងពីរ។
ការស្នើសុំរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ ក្នុងពេលអញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជាចំនួន ២៤១ នាក់ ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាលនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដោយបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមហាវិទ្យាល័យនិងសាលានគរបាលជាតិវៀតណាម សម្រាប់ការយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងការគាំទ្រគ្រប់បែបយ៉ាងដល់សិក្ខាកាមនគរបាលកម្ពុជា ពិសេសក្រសួងនគរបាលនិងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដល់កិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា ៖ «កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្ស នៃក្រសួងមហាផ្ទៃមិនមែនសម្រាប់តែក្របខណ្ឌមន្រ្តីនគរបាលជាតិទេ ប៉ុន្តែមន្រ្តីអនុរក្សពន្ធនាគារ និងមន្រ្តីរាជការស៊ីវិលក៏បានធ្វើឡើងដូចគ្នាដែរ ជាក់ស្ដែងក្រសួងបានដាក់ឱ្យដំណើរការសាលាជាតិរដ្ឋបាលមូលដ្ឋាន»។សម្ដេចសង្ឃឹមជឿជាក់ផងដែរថា សិក្ខាកាមនគរបាលកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមនាឱកាសនេះនឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ។
ជាការឆ្លើយតប លោក ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានឯកភាព និងគាំទ្រចំពោះសំណើរសម្ដេចក្រឡាហោម ជាមួយក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យបណ្ដុះបណ្ដាលនេះបន្ថែមទៀត។ នេះបើតាមក្រសួងមហាផ្ទៃ។
ទាក់ទងនឹងការបណ្តុះបណ្តាលនេះ លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសាថា ការស្នើសុំពីភាគីកម្ពុជា ឱ្យវៀតណាមបន្តទទួលយកនូវសិក្ខាកាមនគរបាលកម្ពុជា ឱ្យសិក្សាលើជំនាញផ្សេងៗនៅក្នុងប្រទេសវៀតណាម ជារឿងល្អ និងត្រឹមត្រូវ ព្រោះនគរបាលកម្ពុជា ត្រូវការជំនាញមួយពិតប្រាកដ ដូចជាជំនាញបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។
លោកបានប្រាប់ថា ៖ «នេះជាកិច្ចសហការដ៏ល្អរវាងនគរបាលកម្ពុជា នឹងនគរបាលវៀតណាមលើផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល។ ជាមួយគ្នានេះ ក៏មានកិច្ចសហការល្អលើផ្នែកមួយចំនួនទៀត ដូចជាកិច្ចសហការបង្ក្រាបបទល្មើសនៅតាមព្រំដែនជាដើម»។
លោក អំ សំអាត បន្តថា ទោះជាយ៉ាងនេះ ក្តីភាគីទាំងពីរគួរពង្រឹងថែមទៀត លើកិច្ចសហប្រតិបត្តិការផ្នែកជួញដូរមនុស្ស និងឆ្លងដែនខុសច្បាប់ ដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ៕ ដោយ៖ គឹម យុត្ថារ៉ូ