អាជ្ញាធរខេត្តស្ទឹងត្រែងចង់ឱ្យមានការវិនិយោគរោងចក្រស្វាយចន្ទីក្នុងខេត្តនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អាជ្ញាធរខេត្តស្ទឹងត្រែងបានបង្ហាញក្តីរំពឹងទុកថា នាពេលនាអនាគតខេត្តស្ទឹងត្រែង នឹងមានរោងចក្រ សហគ្រាសធំៗ ដែលវិនិយោគលើផលិតផលកសិកម្មនានា ពិសេសលើដំណាំស្វាយចន្ទីដែលកំពុងមានសក្តានុពល និងជាដំណាំអាទិភាពរបស់ខេត្តស្រាប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តស្ទឹងត្រែង» កាលថ្ងៃទី២៤ ខែមេសា លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានថ្លែងថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត ដែលគិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតផលដែលផលិតបានក្នុងវិស័យកសិកម្មបានរួមចំណែកក្នុងកំណើន GDPរបស់ខេត្ត ក្នុងរង្វង់ពី៦៧ទៅ៦៩ភាគរយក្នុងមួយឆ្នាំៗផងដែរ។

លោកបន្តថា ក្នុងចំណោមវិស័យដែលមានសក្តានុពលសំខាន់ៗរបស់រដ្ឋបាលខេត្តស្ទឹងត្រែង វិស័យកសិកម្មជាវិស័យអាទិភាពមួយដែលមានតួនាទីសំខាន់ក្នុងការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ យ៉ាងណាមិញ បើទោះបីជាខេត្តស្ទឹងត្រែងមិនមែនជាខេត្តដែលមានសក្តានុពលលើការដាំដុះដំណាំស្រូវ ប៉ុន្តែខេត្តនេះជាតំបន់ដែលមានសក្តានុពលទៅលើដំណាំកសិឧស្សាហកម្ម ដូចជាស្វាយចន្ទីជាដើម។

ជាក់ស្តែង លោក ទុំ នីរ៉ូ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៨-២០២២ ដំណាំស្វាយចន្ទីនៅក្នុងខេត្តស្ទឹងត្រែង ដែលបានដំាដុះលើផ្ទៃចំនួន៤៤ពាន់ហិកតា បានផ្តល់ទិន្នផល ប្រមាណ៩០ពាន់ទៅ១០០ពាន់តោន និងផ្តល់ចំណូលបានជាង ១០០ លានដុល្លារ ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ខេត្ត។

ប្រធានមន្ទីកសិកម្មលោក ទុំ នីរ៉ូ បានបញ្ជាក់ទៀតថា ៖ «បើទោះជាបច្ចុប្បន្នខេត្តស្ទឹងត្រែង មានវត្ថុធាតុដើមលើផលដំណាំស្វាយចន្ទីស្រាប់ ប៉ុន្តែជាក់ស្តែងខេត្ត មិនមានតំបន់រោងក្រ ឧស្សាហកម្ម និងសិប្បកម្មធំៗធ្វើការវិនិយោគ និងកែច្នៃលើគ្រាប់ស្វាយចន្ទីនៅឡើយទេ។ ហេតុនេះលោកបានជំរុញលើកទឹកចិត្តដល់បណ្តារអ្នកវិនយោគទាំងជាតិនិងអន្តរជាតិ ងាកមកចាប់អារម្មណ៍លើខេត្តស្ទឹងត្រែង ដើម្បីជួយពន្លឿនកម្ពុជាស្រប់តាមទិសដៅក្លាយប្រទេសអធិរាជស្វាយចន្ទីនាពេលអនាគត»។

លោកបានបន្តថា៖«ស្វាយចន្ទីជាដំណាំអាទិភាពមួយរបស់ខេត្តស្ទឹងត្រែង ហើយស្ទឹងត្រែងគឺជា ខេត្តសក្តានុពលមួយក្នុងចំណោមខេត្តមួយចំនួនទៀត ដែលនឹងអាចក្លាយជាខេត្តអធិរាជស្វាយចន្ទីនាពេលអនាគត ចឹងយើងសង្ឈឹមថានឹងមានរោងចក្រ ក្រុមហ៊ុន អាចជាសិប្បកម្ម ឧស្សាហកម្មធំៗ ជួយវិនិយោគលើដំណាំស្វាយចន្ទី ព្រោះខេត្តបានត្រៀមជាស្រេចចំពោះវត្ថុធាតុដើម សម្រាប់វិនិយោគលើទឹកដីខេត្តស្ទឹងត្រែង»។

ពាក់ព័ន្ធ នឹងការលើកឡើងនេះដែរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានឱ្យដឹងដែរថា ដំណាំស្វាយចន្ទី កំពុងក្លាយជាដំណាំយុទ្ធសាស្រ្តរបស់ខេត្ត ហើយបច្ចុប្បន្នដំណាំប្រភេទនេះកំពុងតែមានក្រុមហ៊ុនវិនិយោគមួយចំនួនកំពុងសម្លឹងរកឱកាសវិនយោគ។

ឯកឧត្តមបន្តថា ដំណាំស្វាយចន្ទី កៅស៊ូ និងដំឡូងមី សម្រាប់ប្រជាកសិករ និងក្រុមហ៊ុននៅក្នុងខេត្តស្ទឹងត្រែង កន្លងមកមានទីផ្សារធំជាងគេ គឺប្រទេសវៀតណាម តាមរយៈចក្រព្រំដែនអូយ៉ាដាវ ខេត្តរតនៈគីរី ខណៈទីផ្សារប្រទេសថៃ នៅមានទំហំតូចនៅឡើយ។

យ៉ាងណាមិញ ដើម្បីជំរុញដល់ដំណើរការដាំដុះដំណាំស្វាយចន្ទី ក្នុងនាមថ្នាក់ដឹកនាំខេត្ត នឹងខិតខំជំរុញផែនការលើកកម្ពស់វិស័យកសិកម្ម កសិឧស្សាហកម្ម តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសមូលដ្ឋាន ការទំនាក់ទំនងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីកៀរគរ ការវិនិយោគបង្កើនផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេចនៅក្នុងកម្រិតមួយ សម្រាប់ការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងខេត្ត។

របាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីដែលបាននិងកំពុងដាំដុះដំណាំកសិកម្មមានចំនួនជាង១០០ ពាន់ហិកតា ក្នុងនោះ ផ្ទៃដីដាំស្វាយចន្ទី មានចំនួន៤៤ពាន់ហិកតា។ ចំណែកទិន្នផលសម្រាប់នាំចេញ បានជាងប្រាំម៉ឺនតោនក្នុងមួយឆ្នាំៗ។

សូមរម្លឹកដែរថា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលរងការប៉ះពាល់ និងពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ កាលថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយព្រោះថា បច្ចុប្បន្នកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់មួយលានតោន ដែលមិនទាន់កែច្នៃ៕ ដោយ៖ សែម ពិសី

ads banner