ក្រុមហ៊ុន ហ្គូហ្គលចង់ជួយ គ.ជ.ប ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម អំឡុងពេលបោះឆ្នោតខាងមុខនេះ

ភ្នំពេញ៖ ក្រុមហ៊ុនហ្គូហ្គល( Google) ប្រចាំនៅអាស៊ីអាគ្នេយ៍មានការិយាល័យនៅប្រទេសសិង្ហបូរី មានចំណងចង់បើកកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) លើផ្នែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ ដែលអាចនឹងប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នាខែកក្កដា ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ជំនួបរវាងគ.ជ.ប នាពេលនេះ គឺយោងតាមសំណើរបស់តំណាងក្រុមហ៊ុន Google ដែលស្នើមកកាន់គ.ជ.ប ជួបពិភាក្សាក្នុងការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចសហការរួមគ្នា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខនេះ ជាពិសេសលើបញ្ហាបច្ចេកទេសជាច្រើនផ្នែកព័ត៌មានវិទ្យារួចមក ។

ឯកឧត្តមបានឱ្យដឹងថា គ.ជ.ប បានសុំឱ្យហ្គូហ្គលជួយនូវការងារមួយចំនួនដូចជាជួយបង្កលក្ខណៈងាយស្រួលក្នុងកាស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅលើហ្គួហ្គល,ជួយទប់ស្កាត់ការលួចទិន្ន័យព័ត៌មានដោយខុសច្បាប់,ជួយដកចេញនូវខ្លឹមសារព័ត៌មានលើបណ្ដាញសង្គម យូធូប ក្នុងករណី គ.ជ.ប ពិនិត្យ ឃើញថា មានការរំលោភបំពាន ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត ។ ល។»

បើតាមអ្នកនាំពាក្យ គ.ជ.ប លោក ម៉ីវ ហ្គោនស្យាឡេស (Mr.Yves Gonzalez) តំណាងក្រុមហ៊ុន Google ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យនៅប្រទេសសឹង្ហបូរី បានឆ្លើយតបថា លោកចង់ឱ្យមានកិច្ចសហការល្អ ជាមួយ គ.ជ.ប ក្នុងការជួយចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម ហើយសុំបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាងគ.ជ.ប ជាមួយនឹងតំណាងហ្គូហ្គល របស់ខ្លួន ដែលមានទីស្នាក់ការប្រចាំនៅរាធានីភ្នំពេញ ។

ចំពោះសំណើដែល គ.ជ.ប បានលើកឡើង លោកបានអះអាងថា ក្រុមហ៊ុន បានទទួលយកនូវរាល់សំណើរបស់តំណាង គ.ជ.ប ទាំងអស់ ហើយបញ្ជាក់ថា ការជួយទាំងនេះមិនតម្រូវឱ្យបង់ថ្លៃសេវា។

យោងតាមគ.ជ.ប បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួនប្រាំមួយហើយ ដែលបានមកធ្វើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិកម្ពុជា។

បើតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នេះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន មានរយៈពេល ១៥ថ្ងៃ គឺចាប់ពីរថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕ ដោយ៖ វណ្ណ សុជាតា

#បោះឆ្នោត២០២៣ #khelection2023

ads banner