រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី ​រង​ការ​រិះ​គន់​​ឥត​សំចៃ​មាត់​​​ក្នុង​កិច្ច​ប្រជុំ​អ.ស.ប ​ជុំ​វិញ​បញ្ហា​អ៊ុយក្រែន​

​អ.ស.ប៖ អ្នក​តំណាង​មក​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​ដែល​ជា​សម្ព័ន្ធ​មិត្ត​​ក្រុង​កៀវ​ និង​ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​​រិះ​គន់​ចំៗ​​ដោយ​ឥត​សំចៃ​មាត់​លើ​​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក​​ Sergey Lavrov ​ដោយ​ចោទ​ប្រកាន់​ក្រុង​មូស្គូ​ ថា​បាន​រំលោភ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ(អ.ស.ប)​​​ជុំ​វិញ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។

ចំណែក​ លោក​ Lavrov ​បាន​ឆ្លើយ​តប​ដោយ​ការពារ​សកម្មភាព​យោធារុស្ស៊ី​​ និង​​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​មហា​អំណាច​របស់​ប្រទេស​នេះ​ថា​ ​​ធ្វើ​ឱ្យ​ខូច​ផ្នែក​ការ​ទូត​ពិភព​លោក​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​របស់​ អ.ស.ប ដែល​​បង្កើត​ឡើង​ដើម្បី​ការពារ​សង្គ្រាម​លោក​លើក​ទី​​៣​។

ការ​ប្រកែក​គ្នា​តឹង​សរសៃ​ក​ទៅ​មក​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ លោក​ Lavrov ធ្វើ​ជា​ប្រធាន​​​នៃ​​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប ទល់​មុខ​គ្នា​​កាល​ពី​ថ្ងៃ​ចន្ទ​ ស្ដី​អំពី​ «​​​ការ​ថែ​រក្សា​សន្តិភាព​ និង​សន្តិសុខ​អន្តរជាតិ​»​ ខណៈ​ដែល​​បច្ចុប្បន្ន​ រុស្ស៊ី​កាន់​តំណែង​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុម​ប្រឹក្សា​នេះ​។

​ក្នុង​​កំណត់​​ត្រា​​មួយ​ដាក់​ទៅ​​​ដល់​​រដ្ឋ​​ជា​​សមាជិក​​ក្នុង​​កិច្ច​​ប្រជុំ​​ រុស្ស៊ី​​បាន​វាយ​ប្រហារ​លើ​ប្រព័ន្ធ​​ «​សណ្តាប់​​ធ្នាប់​​ពិភព​លោក​​គ្មាន​​ប៉ូល​»​ ដែល​​ចូល​​ជា​​ធរមាន​​ក្រោយ​​ការ​​បញ្ចប់​​សង្គ្រាម​​ត្រជាក់​ ដោយ​ថា​វា​ «​បង្ហាញ​ពី​​​បញ្ហា​ប្រឈម​ដ៏​ធ្ងន់​ធ្ងរ​ចំពោះ​ប្រសិទ្ធ​ភាព​ និង​ស្ថិរភាព​ នៃ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​»។

កំណត់​ត្រា​ដដែល​បាន​លើក​ឡើង​ទៀត​ថា​៖ «​​​សព្វ​ថ្ងៃ​នេះ​ពិភព​លោក​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ដ៏​ស៊ី​ជម្រៅ​មួយ​ទៀត។​​ ពោល​គឺ​ការ​ធ្លាក់​ចុះ​ដោយ​ឯង​ៗ​ និង​​យ៉ាង​រហ័ស​នៃ​សណ្តាប់​ធ្នាប់​ពិភព​លោក​តែ​មួយ​​ និង​ការ​លេច​ឡើង​នៃ​ប្រព័ន្ធ​ពហុ​ប៉ូល​ថ្មី​មួយ​»​។

បន្ថែម​ពី​លើ​នេះលោក​ ​​Lavrov ​បាន​និយាយមុន​កិច្ច​ប្រជុំ​​​​ថា​ ប្រព័ន្ធ​អ.ស.ប ​កំពុង​ប្រឈម​មុខ​នឹង​​​នឹង​វិបត្តិ​ដ៏​​ជ្រៅ​ ហើយ​បាន​ចោទ​ប្រកាន់​ប្រទេស​លោក​ខាង​លិច​ ជា​ពិសេស​សហរដ្ឋ​អាមេរិក​ ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​។

​អ្នក​ការ​ទូត​កំពូល​របស់​រុស្ស៊ី​ បាន​​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ បញ្ហា​ទាំង​អស់​ «មិន​មែន​មក​ពី​អ៊ុយក្រែន​ទាំង​ស្រុង​​នោះ​ទេ​»​ ដោយ​​​​បន្ថែម​​ថា​​៖ «​​វា​ទាក់​ទង​ទៅ​នឹង​អំពី​របៀប​ដែល​ទំនាក់​ទំនង​អន្តរជាតិ​ នឹង​បន្ត​​ចេញ​ជា​​រូប​រាង​តាម​រយៈ​ការ​បង្កើត​ការ​មូល​មតិ​គ្នា​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​តុល្យភាព​នៃ​ផល​ប្រយោជន៍​ ​ឬ​តាម​រយៈ​​​​​ការ​រីក​ចម្រើន​ដ៏​ខ្លាំង​ក្លា ​​​និងការ​​វឌ្ឍនភាព​ដែល​ប្រែប្រួល​នៃ​អនុត្តរភាព​របស់​ក្រុង​​វ៉ាស៊ីនតោន​»​។ ​

ប្រតិកម្ម​ទៅ​នឹង​រុស្ស៊ីក្នុង​អង្គ​ប្រជុំ​​ ​ឯកអគ្គ​រដ្ឋ​ទូតអាមេរិក​ប្រចាំ​ អ.ស.បលោក​​​ស្រី​ Linda Thomas-Greenfield ​បាន​ថ្លែង​​ថា​​៖ «​អ្នកដែល​​កោះ​ហៅ​​ឱ្យ​យើង​ចូល​ប្រជុំ​ដែល​ពោ​ពេញ​ដោយ​​​ការ​លាក់​ពុត​នៅ​ថ្ងៃ​​នេះ​ ពោល​គឺ​រុស្ស៊ី​  ​​បាន​លុក​លុយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ ហើយ​បាន​វាយ​ប្រហារ​ចំ​បេះដូង​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​»​។ ​

លោក​ស្រី​ Thomas-Greenfield បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​​​ពេល​យើង​អង្គុយ​នៅ​ទីនេះ​ ការ​ឈ្លាន​ពាន​​នៅ​តែ​បន្ត​។​ ពេល​​យើង​​អង្គុយ​​នៅ​​ទី​​នេះ​ កង​​កម្លាំង​​រុស្ស៊ី​​បន្ត​​សម្លាប់​​​​​ជន​​ស៊ីវិល​។​ ​ពេល​យើង​អង្គុយ​នៅ​ទីនេះ ​កង​កម្លាំង​រុស្ស៊ី​កំពុង​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​របស់​អ៊ុយក្រែន​។​ ​​ពេល​យើង​អង្គុយ​នៅ​ទីនេះ​ យើង​​ត្រៀម​​​ខ្លួន​យើង​សម្រាប់​ក្រុង​ប៊ូឆា​បន្ទាប់​ ក្រុង​ម៉ារីអូប៉ូល​ បន្ទាប់​ ក្រុង​ឃើរសុន​ បន្ទាប់​ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​បន្ទាប់​ និង​ភាព​សាហាវ​យង់​ឃ្នង​បន្ទាប់​»​។​

ចំណែក​ឯ​ឯក​អគ្គ​រដ្ឋ​ទូត​​អង់គ្លេស​ប្រចាំអ.ស.ប  លោក​​ស្រី​​ Barbara Woodward វិញ​ បាន​​លើក​ឡើង​ថា​ ពិភព​លោក​បាន​ឃើញ​នូវ​អ្វីដែល​រុស្ស៊ី​ចាត់​ទុក​​ថា​​​ពហុ​ភាគី​និយម​​​មាន​ន័យ​សម្រាប់​ពិភព​លោក​ នោះ​គឺ​ការ​​ជាន់​ឈ្លី​ធម្មនុញ្ញ​​របស់​អ.ស.ប​និង​សង្រ្គាម​ដែល​​នាំ​មក​នូវ​ការ​ឈឺ​ចាប់​ដែល​មិន​អាច​នឹក​ស្មាន​ដល់​ដល់​អ៊ុយក្រែន​ ​និង​​​​គ្រោះ​មហន្តរាយ​ដែល​មិន​អាច​កាត់​បន្ថយ​បាន​សម្រាប់​រុស្ស៊ី​​។ ​

​មិន​ខុស​ពី​គ្នា​នេះ​ដែរ​​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ លោក​ Olof Skoog ​​បាន​និយាយ​ថា​​៖ «​តាម​រយៈ​ការ​រៀប​ចំ​ការ​ជជែក​ពិភាក្សា​នេះ​ រុស្ស៊ី​កំពុង​ព្យាយាម​បង្ហាញ​ខ្លួន​ឯង​ថា​ជា​អ្នក​ការពារ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​និង​ពហុ​ភាគី​និយម​។​ គ្មាន​អ្វី​អាច​លើស​ពី​ការ​ពិត​បាន​នោះ​ទេ​»។ ​​

​លោក​ Skoog ​ដែល​មាន​អ្នក​​តំណាង​ការ​ទូត​មក​ពី​បណ្តា​ប្រទេស​សហភាពអឺរ៉ុប ចំនួន​ ២៧ ​អង្គុយ​ជុំ​​វិញ​ បាន​​ថ្លែង​​ទៀត​ថា​​​៖ «​ប្រសិន​បើ​រុស្ស៊ី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លទ្ធិ​ពហុ​ភាគី​និយម​​ដែល​មាន​​ប្រសិទ្ធ​ភាព​​នោះ​ នោះ​គឺ​ជា​វិធី​ដំបូង​ដើម្បី​បញ្ជាក់​វា​»​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​សំដៅ​លើ​ការ​ទាម​ទារ​ឱ្យ​រុស្ស៊ី​ «​ដក​កង​ទ័ព​ជា​បន្ទាន់​ពី​អ៊ុយក្រែន​» តាម​​សេចក្ដី​សម្រេច​ក្នុង​​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំនៃ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​​ ដែល​មាន​ការ​គាំទ្រ​យ៉ាង​លើស​លប់​នៅ​​​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​​កាល​ពី​ចុង​ខែ​កុម្ភៈ​។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ Lavrov ​បាន​ការពារ​អ្វី​ដែល​ទីក្រុង​មូស្គូ​ហៅ​ថា​ «​ប្រតិបត្តិការ​យោធា​ពិសេស​»​ ដោយ​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ចោទ​ប្រកាន់​ថា​ អ៊ុយក្រែន​កំពុង​លើក​កម្ពស់ណាស៊ីនិយម​ និង​រឹត​ត្បឹត​លើ​ភាសា​ និង​វប្ប​ធម៌​រុស្ស៊ី​ ខណៈ​អង្គការ​ណាតូ​ពង្រីក​ខ្លួន​ទៅ​អ៊ុយក្រែន​។ ​

ជាមួយ​គ្នា​នេះ​លោក​ Lavrov ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​សមាជិក​ណាតូ​នៅ​ប៉ាស៊ីហ្វិក​ខាង​លិច​ ជា​ពិសេស​សម្ព័ន្ធ​ភាព​រវាង​អូស្ត្រាលី ​អង់គ្លេស ​និង​សហរដ្ឋ​អាមេរិក​ ​និង​ការ​​ពង្រឹង​​ទំនាក់​​ទំនង​​របស់​​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ផង​ដែរ​។​

អ្នក​ការទូត​កំពូល​រុស្ស៊ី​ដដែល​​សង្កត់​ធ្ងន់​ថា​ ពហុ​ភាគី​និយម​គឺ​ជា​ផ្នែក​សំខាន់​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​ហើយ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ជា​ថ្មី​ទៀត​ថា​​ជា​អ្នក​បំផ្លាញ​សកល​ភាវូប​នីយកម្ម​»​។ លោក​ថ្លែង​ថា​ ​​លោក​ខាង​លិច​កំពុង​លើក​កម្ពស់​ «​បទ​បញ្ជា​ផ្អែក​លើ​ច្បាប់​»​ ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ឃើញ​ និង​ដែល​រារាំង​ការ​ចូល​ប្រើ​បច្ចេកវិទ្យា​ទំនើប​ និង​សេវាកម្ម​ហិរញ្ញ​វត្ថុ​ ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រទេស​ដែល​ខ្លួន​មិន​យល់​ស្រប​​ជាមួយ​។

គួរ​បញ្ជាក់​ថា​ លោក​ខាង​លិច​​បាន​​ដាក់​​ទណ្ឌកម្ម​​សេដ្ឋកិច្ច​​​ជា​​បន្ត​បន្ទាប់​​​លើ​​រុស្ស៊ី​យ៉ាង​ធ្ងន់​ធ្ងរ​ ដើម្បី​​ឆ្លើយ​តប​​នឹង​​ការ​​ឈ្លាន​ពាន​​អ៊ុយក្រែន​ ដែល​ចាប់​ផ្ដើម​នៅ​ចុង​ខែ​កុម្ភៈ​ឆ្នាំ​មុន​។​ ​ស្រដៀង​នឹង​​អ្នក​ការ​ទូត​លោក​ខាង​លិច​ដែរ​​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញូវ​ ហ្គូតទែរ៉េស ដែល​អង្គុយ​នៅ​ក្បែរ​លោក​ Lavrov ​ក្នុង​កិច្ច​ប្រជុំ ​បាន​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ថា​ជា​ «​ការ​រំលោភ​»​ លើ​​ច្បាប់​អន្តរជាតិ​ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​។​ លោក​ ហ្គូតទែរ៉េស ​ថ្លែង​ថា​ សង្រ្គាម​​​កំពុង​បង្ក​ឱ្យ​មាន​ទុក្ខ​វេទនា​ និង​ការ​បំផ្លិច​បំផ្លាញ​ដ៏​ធំ​ដល់​ប្រទេស​ និង​ប្រជាជន​អ៊ុយក្រែន​ ហើយ​បង្ក​ឱ្យ​មាន​​ផល​ប៉ះ​ពាល់​លើ​សេដ្ឋកិច្ច​សកល​ ដែល​ដុន​ដាប​រួច​ហើយ​ដោយ​សារ​វិបត្តិ​កូវីដ​។

ប្រមុខ​អ.ស.ប ព្រមាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា​ កិច្ច​សហប្រតិបត្តិការ​ជា​សកល​គឺ​ស្ថិត​នៅ​ក្រោម​ភាព​តាន​តឹង​ដ៏​ខ្លាំង​​បំផុត​ចាប់​តាំង​ពី​ការ​បង្កើត​អ.ស.បនៅ​ឆ្នាំ​ ១៩៤៥ ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​​២ ដោយ​និយាយ​បន្ថែម​ទៀត​ថា​ ​ភាព​តាន​តឹង​រវាង​មហា​អំណាច​ធំ​ៗ​ និង​ហានិភ័យ​នៃ​ជម្លោះ​ផ្សេង​ៗ​ គឺ​​ស្ថិត​ក្នុង​ «​កម្រិត​ខ្ពស់​ជា​ប្រវត្តិ​សាស្ត្រ​»​ ​​ដោយ​លោក​បាន​ចង្អុល​បង្ហាញ​មុន​គេ​ និង​សំខាន់​បំផុត​​ ទៅ​លើ​​​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​ ដែល​កំពុង​បន្ត​។ ​

បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP  មាន​ប្រទេស​​ជា​ច្រើន​បាន​ចង្អុល​បង្ហាញ​ពី​ការ​ប្រឈម​មុខ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​ប្រទេស​សមាជិក​របស់​អ.ស.ប ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ចន្ទ​​។​ ​ប្រទេស​ទាំង​នោះ​ បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​រក្សា​ពហុភាគី​និយម​ រួម​ទាំង​ការ​កែ​ទម្រង់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពិភព​លោក​នៃ​សតវត្ស​រ៍​ទី​ ២១​ ​​ជំនួស​ឱ្យ​រចនា​សម្ព័ន្ធ​អំណាច​ក្រោយ​សង្គ្រាម​លោក​លើក​ទី​​២​។

​ឯកអគ្គ​រដ្ឋ​ទូតចិន​ប្រចាំ​អ.ស.ប លោក​ Zhang Jun បា​ន​ប្រាប់​ក្រុម​ប្រឹក្សា​ក្នុង​កិច្ច​ប្រជុំ​ថា​​៖ «​ពិភព​លោក​កំពុង​ឈរ​នៅ​ផ្លូវ​បំបែក​ជា​ប្រវត្តិ​សាស្ត្រ​ឥឡូវ​នេះ​​។ ​មនុស្ស​ជាតិ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សកល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។​ ទង្វើ​នៃ​អនុត្តរភាព​ និង​ការ​សម្លុត​​ប្រទេស​ផ្សេង​ទៀត​ កំពុង​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធំ​ធេង​ដល់​ពិភព​លោក​។ ​នយោបាយ​​កំពុង​​បង្កើត​​ការ​​បែក​បាក់ ​និង​​ការ​​ប្រឈម​​មុខ​​ដាក់​​គ្នា​​យ៉ាង​​ធំ​។​ វា​​បាន​​ក្លាយ​​​ជា​​រឿង​​បន្ទាន់​ និង​​សំខាន់​​ជាង​​មុន​ ​ក្នុង​​ការ​​រក្សា​​ធម្មនុញ្ញ​​របស់​​អង្គការ​​សហប្រជាជាតិ​»​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ UN chief and West berate Russia’s top diplomat over Ukraine  https://apnews.com/article/russia-ukraine-un-charter-lavrov-05fd74f9df3e46a9e779efaee9f6147d?utm_source=homepage&utm_medium=TopNews&utm_campaign=position_04

https://www.channelnewsasia.com/world/ukraine-allies-denounce-cynical-russian-meeting-un-3440706

Russia’s Lavrov hosts UN meeting on ‘international peace,’ gets slammed by Western diplomats  https://edition.cnn.com/2023/04/24/europe/russia-lavrov-un-meeting-intl/index.html

ads banner