ប្រមុខការពារជាតិរុស្ស៊ី អ៊ីរ៉ង់ ស៊ីរី និងតួកគីពិភាក្សាពីការពង្រឹងសន្តិសុខនៅស៊ីរី
មូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អ៊ីរ៉ង់ ស៊ីរី និងតួកគីបានបើកកិច្ចពិភាក្សាបួនភាគីក្នុងទីក្រុងមូស្គូ នៅថ្ងៃទី២៥ ខែមេសា ដើម្បីរិះរកវិធានការសំដៅពង្រឹងសន្តិសុខនៅក្នុងប្រទេសស៊ីរី ក៏ដូចជាធ្វើឱ្យទំនាក់ទំនងរវាងស៊ីរី និងតួកគីមានប្រក្រតីភាពឡើងវិញ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំបួនភាគីរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អ៊ីរ៉ង់ ស៊ីរី និងតួកគី បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ជុំវិញបញ្ហានៃការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីពួកភេរវករ និងការប្រយុទ្ធប្រឆាំងជាមួយក្រុមជ្រុលនិយមទាំងអស់នៅក្នុងប្រទេសស៊ីរី។
បើតាមសេចក្តីថ្លែងការណ៍ដដែល បន្ទាប់ពីកិច្ចពិភាក្សាខាងលើនេះ ប្រមុខការពារជាតិប្រទេសទាំងបួនបានអះអាងជាថ្មីនូវគោលបំណងចង់រក្សាបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ក៏ដូចជាភាពចាំបាច់ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសម្រួលដល់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី មកកាន់ស្រុកកំណើតរបស់ពួកគេវិញយ៉ាងឆាប់រហ័ស។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ទៀតថា ប្រធាននាយកដ្ឋានការពារជាតិរុស្ស៊ីបានចាត់ទុកកិច្ចសន្ទនា ដែលធ្វើឡើងក្នុងទម្រង់បួនភាគីនេះថា មានលក្ខណៈស្ថាបនា ហើយបានយល់ព្រមបន្តកិច្ចប្រជុំបែបនេះជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងរក្សាស្ថិរភាពនៃស្ថានភាពនៅក្នុងប្រទេសស៊ីរី និងតំបន់ទាំងមូល៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា