ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ មានកត្តា ០៣ យ៉ាងដែលធ្វើឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន
ខេត្តព្រះសីហនុ ៖ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា មានកត្តា ០៣ យ៉ាងដែលធ្វើឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ កត្តាសុខសន្តិភាព ,កត្តាសិទ្ធិសេរីភាព និង កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានាតាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្នុងន័យនេះ សូម អុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមានបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅរបស់យើងគ្រប់ជំនាន់តទៅទៀត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា បំណងប្រាថ្នាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប គឺការថែរក្សាអាយុជីវិតរបស់ខ្លួន និងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារ និងទំនុកបម្រុងឱ្យមានអាយុជីវិតបន្តទៅទៀត។ ក្នុងបុព្វហេតុនេះ សម្តេចតេជោ និងឥស្សរៈជនថ្នាក់ដឹកនាំជាច្រើនរូប បានចូលរួមក្នុងសកម្មភាពសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍៖ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញដោយនយោបាយឈ្នះឈ្នះ និងជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍តម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុតក្នុងគ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសមត្ថកិច្ចគ្រប់ជំនាញក្នុងខេត្តព្រះសីហនុ ដែលបានខិតខំបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ហើយក៏សូមអរគុណចំពោះប្រជាពលរដ្ឋអ្នកស្រុកព្រៃនប់ ក៏ដូចជាអ្នកខេត្តព្រះសីហនុទាំងមូល ដែលតែងជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងយូរអង្វែងតរៀងទៅ ៕ ប្រភព ៖ ក្រុមការងារ បណ្ឌិត ហ៊ុន ម៉ាណែត