ក្រុមហ៊ុន Microsoft រកចំណូលបាន៥២.៩ពាន់លានដុល្លារនៅត្រីមាសទី៣ នៃឆ្នាំសារពើពន្ធ ២០២៣
សាន់ ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនរកប្រាក់ចំណូលបាន៥២.៩ពាន់លានដុល្លារនៅត្រីមាសទីបីនៃឆ្នាំសារពើពន្ធ ២០២៣ ដែលបានបញ្ចប់ទៅនៅថ្ងៃទី៣១ ខែមីនាកន្លងមកនេះ កើនឡើង៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Microsoft ទទួលបានប្រាក់ចំណូលសុទ្ធប្រចាំត្រីមាស១៨.៣ពាន់លានដុល្លារ កើនឡើង៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលប្រាក់ចំណូលក្នុងមួយភាគហ៊ុនកើនឡើង១០ភាគរយ ដល់២.៤៥ដុល្លារ។
ក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី៣ នៃឆ្នាំសារពើពន្ធ ២០២៣ថា ប្រាក់ចំណូលប្រតិបត្តិការរបស់ខ្លួន គឺ២២.៤ពាន់លានដុល្លារ កើនឡើង១០ភាគរយ។
ទន្ទឹមគ្នា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Microsoft នៅក្នុងដំណើរការផលិតភាព និងអាជីវកម្មមានចំនួន១៧.៥ពាន់លានដុល្លារ កើនឡើង១១ភាគរយ ខណៈដែលប្រាក់ចំណូលនៅក្នុងផ្នែក Intelligent Cloud គឺ ២២.១ពាន់លានដុល្លារ កើនឡើង១៦ភាគរយ។ចំណែកឯប្រាក់ចំណូលនៅក្នុងផ្នែក More Personal Computing គឺ ១៣.៣ពាន់លានដុល្លារ ធ្លាក់ចុះ៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែកក្រុមហ៊ុន Microsoft ក៏បានប្រគល់ប្រាក់ចំនួន ៩.៧ពាន់លានដុល្លារទៅម្ចាស់ហ៊ុនវិញផងដែរ ក្នុងទម្រង់នៃការទិញភាគហ៊ុន និងភាគលាភនៅក្នុងត្រីមាស បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធ ២០២២ មានចំនួន ១២.៤ពាន់លានដុល្លារ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា