ក្រសួងបរិស្ថាន និង អាជ្ញាធររដ្ឋបាលខេត្ត ផ្សព្វផ្សាយនូវច្បាប់ពាក់ព័ន្ធ”វិស័យបរិស្ថាន និងធនធានធម្មជាតិ”
ខេត្តបាត់ដំបង ៖ ក្នុងសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា៖ អង្គសិក្ខាសាលានេះ ដើម្បីបញ្ជ្រាបចំណេះដឹងនៅក្នុងការពង្រឹងសមត្ថភាពជូនដល់មន្រ្តីអនុវត្តន៍ច្បាប់ ព្រមទាំងដើម្បីផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការការពារគ្រប់គ្រងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ។ ខណៈដែលមន្រ្តីអនុវត្តន៍ច្បាប់ គឺជាតួអង្គដ៏មានសារៈសំខាន់ ក្នុងការចូលរួមសហការ ការពារ តំបន់ធនធានធម្មជាតិស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានតំបន់ការពារធម្មជាតិចំនួន ៧កន្លែង ដែលចាំបាច់ត្រូវតែការពារ និងអភិរក្សយ៉ាងម៉ឺងមាត់បំផុតដើម្បីជាឧត្តមប្រយោជន៍ជូនចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ ។
លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត លើកឡើងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់នូវក្នុងការពង្រឹងសមត្ថភាពរបស់មន្រ្តីអនុវត្តន៍ច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្រ្តរបស់ខេត្តបាត់ដំបង និងក្នុងការកសាងនូវសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )




