មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរមានភ្ញៀវទេសចរជាងកន្លះលាននាក់នៅបន្តដើរលេងកម្សាន្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយឱ្យដឹងនៅព្រឹកថ្ងៃទី២៦ខែ មេសានេះថា មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរបញ្ចប់ គឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសាកន្លងទៅនេះ មានភ្ញៀវទេសចរ ចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំង ប្រទេស។ ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ៣៥,៧៦៥នាក់ ។ចំនួនភ្ញៀវច្រើននេះ គឺដោយសារ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ ពីបញ្ចប់កម្មវិធីចូលឆ្នាំ។
បើតាមប្រភពក្រសួងទេសចរណ៍ អ្នកធ្វើដំណើរកម្សាន្តទាំងជាង៧៨ ម៉ឺននាក់នេះ បានធ្វើដំណើទៅកាន់ គោលដៅទេសចរណ៍ សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញជាង១២ម៉ឺននាក់,ខេត្តស្វាយរៀង ជាង៩ម៉ឺននាក់,ខេត្តបន្ទាយ មានជ័យ ជាង៨ម៉ឺននាក់,ខេត្តបាត់ដំបង ជាង៨ម៉ឺននាក់, ខេត្តកំពតជាង ៦ ម៉ឺននាក់, ខេត្តព្រះសីហនុជាង ៥ម៉ឺននាក់និង ខេត្តសៀមរាបជាង ៥ម៉ឺន នាក់។
ប្រភពដដែលបន្តថា ក្នុងរយៈពេលសប្តាហ៍កន្លងមក ជាចំនួនច្រើនមួយ ធៀបនឹងសប្តាហ៍ធម្មតាដែលភ្ញៀវទេសចរមាន ចំនួនជាមធ្យម ចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេល ចូលឆ្នាំ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺជាការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលមានចំនួន ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តច្រើនបំផុត ពិសេសបន្ទាប់ពីការគ្រប់គ្រង ស្ថានភាពជំងឺកូវីដ-១៩បានយ៉ាងល្អ ស្របជាមួយការ រៀបចំ កម្មវិធីកម្សាន្តសប្បាយជាច្រើននៅគ្រប់បណ្តារាជធានី-ខេត្ត ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត៕
ដោយ៖មុនី



