សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈចលនាឥស្លាម មកពី ២៤ រាជធានី-ខេត្ត នៅវិមាន ៧មករា
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈចលនាឥស្លាមមកពី ២៤រាជធានី-ខេត្ត នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្ស បានឲ្យដឹងថា ក្នុងពិធីជួបជុំសំណេះសំណាលនៅពេលនេះ មានថ្នាក់ដឹកនាំ ប្រធាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ សមាជិក សមាជិកា សកម្មជននៃគណៈចលនាសាសនិកឥស្លាម តំណាងមកពីទូទាំងប្រទេសចំនួន ៣,៣៩៣នាក់ រួមនិងភ្ញៀវកិត្តិយសសរុប ៣,៥៤០នាក់ ។
គណៈចលនាសាសនិកឥស្លាមបានរៀបចំក្បាលម៉ាស៊ីនដឹកនាំ នៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូតដល់ភូមិ ដោយបានធ្វើការសហការគ្នា ដោយមិនខ្លាចនឿយហត់ ប្រកបដោយទឹកចិត្តស្មោះស្ម័គ្រមោះមុតចំពោះគណបក្ស។ សកម្មជន ដែលជាគ្រូបង្រៀន គ្រូពេទ្យ យុវជន សប្បុរសជន សមាជិក សមាគម អង្គការ បងប្អូនសាសនិកឥស្លាម ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារស្វែងរកសន្លឹកឆ្នោតជូនគណបក្សផងដែរ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បន្តថា គណៈចលនាឥស្លាម បានរួមសហការជាមួយបណ្តាសមាគម អង្គការ សប្បុរជនក្នុង និងក្រៅប្រទេស ធ្វើកិច្ចការសង្គម កិច្ចការងារមនុស្សធម៌ សាងសង់សំណង់អគារ ចែកអំណោយមនុស្សធម៌ កញ្ចប់អាហារក្នុងខែបួសរ៉ាម៉ាឌន ដូចជាការចែកជូនអំណោយពី ៥-៧ម៉ឺនគ្រួសារ ចែកសាច់ជូនប្រមាណជាង ៨០% នៃគ្រួសារឥស្លាមនៅទូទាំងប្រទេស ។
គណៈចលនាសាសនិកឥស្លាម គឺបានធ្វើការរួបរួមគ្នា រួមនឹងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយការយល់គ្នា ដោយនិយមកណ្តាល ដើម្បីកៀរគរយកសន្លឹកឆ្នោត គាំទ្រជូនគណបក្ស ជូនសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីរហូតមក។ កម្លាំងយុវជននៃអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា, សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាសមាគមនិស្សិតមុស្លិមកម្ពុជា , សមាគមគ្រូពេទ្យឥស្លាមកម្ពុជា, សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា, សមាគមគ្រូបង្រៀនខ្មែរឥស្លាម , និងអង្គការ សមាគមមួយចំនួនទៀត គឺជាសកម្មជន ប្រកបដោយចំណេះដឹង ត្រូវបានបញ្ចូលឱ្យទៅជាសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចំនួន ១២,០៩១នាក់។ គណៈចលនាសាសនិកឥស្លាម ក៏មានការទំនាក់ទំនងការងារជាមួយយុវជនស្រលាញ់សន្តិភាពផងដែរ ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបន្ថែមថា ទោះជានៅក្នុងកាលៈទេសៈតានតឹងយ៉ាងណាក៏ដោយ នៅរាល់អាណត្តិនៃការបោះឆ្នោត សាសនិកឥស្លាម គឺបានគាំទ្រគណបក្សប្រជាជនកម្ពុជា នៅតែដណ្តើមបានសន្លឹកឆ្នោតយ៉ាងច្រើនដូចជានៅឆ្នាំ ២០១៣/២០១៧ ។ ជោគជ័យនៃការឈ្នះឆ្នោតដែលគណៈចលនាសាសនិកឥស្លាម បានរួមចំណែកនឹងគណបក្សគ្រប់លំដាប់ថ្នាក់ពីលើរហូតដល់មូលដ្ឋានកន្លងទៅ ដូចជា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ៧៤.៤០% តែបើគិតដោយឡែកនៅតំបន់ឥស្លាម ទទួលបានជាង ៨១% និយាយដោយឡែក ខេត្តខ្លះមានដល់ជាង ៩១ ដល់ជាង ៩៣% ក៏ដូចជាការបោះឆ្នោតកន្លងទៅដែរ។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពដ៏រឹងមាំខ្លាំងក្លា មានប្រជាជនគាំទ្រដ៏ច្រើន ព្រោះតែភាពប៉ិនប្រសប់នៃថ្នាក់ដឹកនាំគណបក្ស ជាពិសេស សម្តេចតេជោប្រធានគណបក្ស ដែលបានដឹកនាំដោយយកការកង្វល់ភ្ជាប់នៅជាមួយប្រជាជន ជាមួយជាតិ មាតុភូមិដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព ការអភិវឌ្ឍរីកចម្រើនជាលំដាប់ ដែលបានធ្វើឱ្យកាន់តែល្អប្រសើរឡើងដល់សង្គមជាតិដែលប្រជាជនទទួលបាននូវចំណែកពីការរីកចម្រើនទាំងអស់គ្នា លើគ្រប់វិស័យ ហើយបានចែករំលែកដល់ប្រជាជនរបស់ខ្លួននូវអត្រានៃកំណើនសេដ្ឋកិច្ច សម្រាប់ក្រុមគ្រួសារនិងប្រទេសជាតិ។ សម្តេចតេជោ បានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនទូទៅ ដល់ជនមុស្លិមដែលជាជនជាតិភាគតិច កាន់សាសនាឥស្លាមលំដាប់ទី២នៅកម្ពុជា ព្រមទាំងបានផ្តល់ឱកាស ផ្តល់ការងារ មានឋានៈ តួនាទី នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រដ្ឋបាល ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំង នគរបាល យោធា ។ល។
គណៈចលនាសាសនិកឥស្លាម សូមប្តេជ្ញាថា នឹងខិតខំរួមចំណែកជាមួយគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីដណ្តើមឈ្នះឆ្នោតជូន សម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាព ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តនៅពេលខាងមុខ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ