តុលាការបារាំងបញ្ឈប់ការបណ្តេញជនចំណាកស្រុកចេញពីកោះនៅមហាសមុទ្រឥណ្ឌាទៅកាន់ប្រទេសកូម័រ
ប៉ារីស៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ តុលាការបារាំងបានបញ្ឈប់ការបណ្ដេញជនចំណាកស្រុកចេញពីទឹកដីកោះម៉ាយ៉ូត (Mayotte)ដែលស្ថិតនៅលើមហាសមុទ្រឥណ្ឌា ហើយមុនការសម្រេចនេះមានឡើង ការប៉ះទង្គិចគ្នារវាងអ្នកស្រុកមូលដ្ឋាននៅទីនោះ និងកងកម្លាំងសន្តិសុខបានកើតឡើង ក៏ដូចជាបានបង្កឱ្យមានភាពតានតឹងខ្លាំងជាមួយប្រទេសកូម័រ (Comoros) ដែលត្រូវជាប្រទេសជិតខាងរបស់កោះម៉ាយ៉ូត។
ប្រតិបត្តិការបណ្ដេញចេញនេះមានឈ្មោះថា ប្រតិបត្តិការវួមប៊ូស៊ូ (Operation Wuambushu) ដែលជាភាសាក្នុងស្រុកមានន័យថា «យកមកវិញ»។ គោលបំណងសំខាន់នៃប្រតិបត្តិការនេះ គឺការបណ្តេញជនចំណាកស្រុកមិនទៀងទាត់ចេញពីកោះម៉ាយ៉ូត ដោយអះអាងថា វានឹងធ្វើឱ្យអ្នកស្រុកដែលរស់នៅក្នុងអគារដ៏ក្រីក្របំផុតរបស់ប្រទេសបារាំងនៅលើកោះម៉ាយ៉ូត អាចមានជីវភាពរស់នៅកាន់តែប្រសើរឡើង។
គួរដឹងដែរថា កងកម្លាំងសន្តិសុខបារាំងប្រហែលជា ១ ៨០០ នាក់ ក្នុងនោះមានចំនួនរាប់រយនាក់ដែលត្រូវបានបញ្ជូនមកពីទីក្រុងប៉ារីស ត្រូវបានបញ្ជូនទៅឈរជើងនៅទីនោះដើម្បីបំពេញប្រតិបត្តិការ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ការប៉ះទង្គិចគ្នារវាងយុវជននិងប៉ូលីសក្នុងតំបន់បានកើតមានឡើងខ្លាំងចាប់តាំងពីថ្ងៃអាទិត្យ នៅក្នុងស្រុកសោនហ្ស៊ូ (Tsoundzou) ដែលមានទីតាំងនៅខាងក្រៅទីក្រុងម៉ាមូហ្ស៊ូ (Mamoudzou)។
គួរបញ្ជាក់ថា កោះម៉ាយ៉ូត ជានាយកដ្ឋានក្រៅប្រទេសរបស់បារាំង ដែលមានន័យថា ជាទឹកដីរបស់សាធារណរដ្ឋបារាំង និងគ្រប់គ្រងដោយច្បាប់របស់បារាំង។ ដូចនេះ បារាំងគ្រប់គ្រងកិច្ចការរដ្ឋបាលទាំងស្រុងនៅលើកោះនេះ រួមទាំងវិស័យការពារជាតិ ទំនាក់ទំនងបរទេស និងអន្តោប្រវេសន៍ជាដើម។ កោះនេះទៀតសោត ក៏ជាផ្នែកមួយនៃសហភាពអឺរ៉ុបផងដែរ ដោយគ្រាន់តែវាជាទឹកដីស្ថិតនៅឆ្ងាយ ពោលគឺមានទីតាំងស្ថិតនៅលើមហាសមុទ្រឥណ្ឌា ក្បែរឈូងសមុទ្រអាហ្រ្វិកអាគ្នេយ៍។
កាលពីថ្ងៃអង្គារ ការប៉ះទង្គិចគ្នារវាងបាតុករ និងក្រុមប៉ូលិសនៅខាងក្រៅតំបន់អនាធិបតេយ្យ ក្នុងរដ្ឋធានីរបស់កោះម៉ាយ៉ូតបានកើតឡើង។ ក្រុមអ្នកតវ៉ាបានគប់ដុំថ្មដាក់ប៉ូលិស ហើយក្រុមប៉ូលិសបានឆ្លើយតបដោយប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបាញ់ត្រឡប់វិញ។ ការបោសសម្អាតតំបន់អនាធិបតេយ្យនៅជិតរដ្ឋធានីរបស់កោះមួយនេះ ត្រូវបានបញ្ឈប់ដោយតុលាការទីក្រុងម៉ាមូហ្ស៊ូនៅនាទីចុងក្រោយភ្លាមៗ។ ជុំវិញចំណាត់ការនេះ អ្នកស្រុកបានអបអរចំពោះការសម្រេចរបស់តុលាការក្នុងការបញ្ឈប់ការជម្លៀសជនចំណាកស្រុកចេញ។
លោកស្រី ដូហាម៉ា ហាដចា (Mdohoma Hadja) អាយុ ៣៣ ឆ្នាំបានលើកដៃទាំងពីរឡើងលើមេឃ ហើយនិយាយថា ៖ «ខ្ញុំរីករាយណាស់ យើងបានទៅតុលាការ ហើយយើងបានឈ្នះហើយ»។ ដោយឡែក ប្រទេសកូម័រដែលជាប្រទេសផ្គុំឡើងពីកោះចំនួនបី ស្ថិតនៅភាគពាយ័ព្យនៃកោះម៉ាយ៉ូត បានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួនមិនបានអនុញ្ញាតឱ្យទូកដែលដឹកមនុស្សដែលត្រូវបានបណ្តេញចេញពីកោះម៉ាយ៉ូត ចូលចតនោះទេ។ គួរកត់សម្គាល់ថា ភាគច្រើននៃមនុស្សដែលត្រូវបាននិរទេសទាំងអស់នោះគឺជាជនជាតិកូម័រ។
កូម័រក៏បានបញ្ជាក់បន្ថែមដែរថា ខ្លួនបានផ្អាកចរាចរណ៍អ្នកដំណើរនៅកំពង់ផែ ដែលជាទីតាំងដែលអ្នកត្រូវបាននិរទេសធ្វើការចុះចត។ ដោយឡែក ផែនការខាងលើរបស់បារាំងគឺការបញ្ជូនអ្នកដែលគ្មានឯកសារ ត្រឡប់ទៅកោះអានជួន (Anjouan) ប្រទេសកូម័រវិញ ដែលមានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីកោះម៉ាយ៉ូត។
លោក ធារី ស៊ូហ្គេត (Thierry Suquet) មន្ត្រីជាន់ខ្ពស់បារាំងប្រចាំនៅកោះម៉ាយ៉ូត បានមានប្រសាសន៍ថា ៖ «ពួកយើងនឹងបន្តប្រតិបត្តិការប្រឆាំងនឹងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងលំនៅដ្ឋានគ្មានអនាម័យ ដែលអាចនាំទៅរកការធ្វើអន្តោប្រវេសន៍ខុសច្បាប់»។ លោកសង្ឃឹមថានឹងបន្តការនិរទេសតាមទូកទៅកាន់កោះអានជួន ក្នុងពេលឆាប់ៗនេះ ហើយនឹងបិទបញ្ចប់ការសន្ទនាគ្នាបន្តទៀត។ ថ្មីៗនេះ ការចរចារវាងប្រទេសកូម័រ និងបារាំង បានលើកឡើងអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងមួយនៅនាទីចុងក្រោយ ប៉ុន្តែមេដឹកនាំកូម័រ លោក អាហ្សាលី អាស៊ូម៉ានី (Azali Assoumani) បានថ្លែងថា លោកសង្ឃឹមថាបារាំងនឹងបោះបង់ចោលប្រតិបត្តិការបណ្ដេញជនចំណាកស្រុករបស់ខ្លួន។
នៅឆ្នាំ២០១៩ ប្រទេសបារាំងបានសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ១៥០ លានអឺរ៉ូ ដើម្បីដោះស្រាយបញ្ហាការជួញដូរមនុស្ស និងបន្ធូរបន្ថយការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិកូម័រពីកោះម៉ាយ៉ូត។ ពាក់កណ្តាលនៃប្រជាជននៅលើកោះម៉ាយ៉ូត ប្រមាណជា ៣៥.០០០នាក់គឺជាជនបរទេស ដែលភាគច្រើនជាជនជាតិកូម័រ។
ជារៀងរាល់ឆ្នាំ ជនជាតិអាហ្វ្រិកជាច្រើន ពិសេសជនជាតិកូម័រ តែងតែព្យាយាមធ្វើដំណើរចូលទៅកាន់កោះម៉ាយ៉ូត ហើយជារឿយៗ ពួកគេប្រើប្រាស់ទូកនេសាទខ្នាតតូចដែលប្រើប្រាស់ដោយអ្នករត់ពន្ធមនុស្សខុសច្បាប់។ ការធ្វើដំណើរឆ្លងកាត់ពីកោះមួយទៅកោះមួយបែបនេះ ច្រើនតែមានគ្រោះថ្នាក់ខ្លាំង ហើយអាចបញ្ចប់ទៅដោយសោកនាដកម្មក៏មាន។ កោះម៉ាយ៉ូតគឺជាកោះទីបួន នៃប្រជុំកោះកូម័រ ដែលបារាំងបានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧៤ បើទោះបីជាវាត្រូវបានទាមទារដោយប្រទេសកូម័រក៏ដោយ៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ Al Jazeera