អូស្រ្តាលី ​បន្តជួយប្រទេសកម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រទេសអូស្រ្តាលីបានលើកឡើងថា អូស្ត្រាលីជាដៃគូដែលមិនអាចខ្វះបាន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅទូទាំងតំបន់មេគង្គ រួមទាំងប្រទេសកម្ពុជាផង។ ទន្ទឹមគ្នានេះ អូស្រ្តាលី ក៏បានបង្ហាញ​ថានឹងបន្តជួយដល់ប្រទេសកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការផ្តល់ជំនួយដល់មូលនិធិសកល ដើម្បីធ្វើសកម្មភាពប្រយុទ្ធជំងឺនេះ។

នេះបើតាមការប្រកាសឱ្យដឹងពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០​២​៣ ខណៈកម្ពុជា កំពុង​ប្រារព្ធទិវា​ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ពិភពលោកឆ្នាំ ២០២៣ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវ​សូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត»។​

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក​ថា ៖ «អូស្ត្រាលីគឺជាដៃគូដែលមិនអាចខ្វះបាន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅទូទាំងតំបន់មេគង្គ។ ទីនេះនៅឯស្ថានទូតអូស្ត្រាលី យើងមានឱកាសបានឃើញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់ ដែលត្រូវបានអនុវត្តដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងដៃគូសុខាភិបាលនានានៅក្នុងខេត្តរតនគិរី»។​

​ប្រភពដដែល​បន្តថា បុគ្គលិកកម្ចាត់ជំងឺគ្រុនចាញ់តាមភូមិមួយចំនួននៅតំបន់ដាច់ស្រយាល​ជាគន្លឹះនៃភាពជោគជ័យរបស់ប្រ​ទេ​សកម្ពុជា ដោយសារឥឡូវនេះ ជំងឺគ្រុនចាញ់ស្ទើរតែទាំងស្រុងត្រូវបានរកឃើញក្នុងចំណោមប្រជាជនរស់នៅ និងធ្វើការនៅក្នុងព្រៃដាច់ស្រយាល ហើយអ្នកស្ម័គ្រចិត្តទាំងនេះធានាថាអ្នកធ្វើដំណើរតាមព្រៃ និងអ្នកភូមិក្នុងខេត្តរតនគិរី ត្រូវបានគេពិនិត្យ ធ្វើតេស្ត និងព្យាបាលជំងឺគ្រុនចាញ់ជាប្រចាំបើចាំបាច់។​

ក្រៅពីលើកឡើងពីសកម្មភាពប្រយុទ្ធជំងឺគ្រុនចាញ់ នៅខេត្តរតនគីរីហើយនោះ ស្ថានទូតអូស្រ្តាលីបានកត់សម្គាល់ឃើញដែរថា គិតមកដល់ពេលនេះ ករណីជំងឺគ្រុនចាញ់នៅតែបន្តធ្លាក់ចុះ នៅប្រទេសកម្ពុជាពុំមា​នអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ បើគិតចាប់តាំងពីឆ្នាំ ២០១៨ មក។ ​

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបន្តឱ្យដឹង​ដែរ​ថា ករណីជំងឺគ្រុនចាញ់នៅតែបន្តធ្លាក់ចុះ នៅប្រទេសកម្ពុជាពុំមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ ចាប់តាំងពីឆ្នាំ ២០១៨ មក ហើយគោលដៅក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ P. falciparum ដែលជាប្រភេទជំងឺដ៏សាហាវបំផុត គឺនៅចុងឆ្នាំនេះ។

អូស្ត្រាលីបន្តថា ៖ «ជាក់ស្តែងអូស្ត្រាលីបានផ្តល់ថ​វិ​ការចំនួន ២៤២ លានដុល្លារសម្រាប់ឆ្នាំ ២០២១-២​០​២៣ និងផ្តល់ថវិការចំនួន ២៦៦ លានដុល្លារសម្រាប់ឆ្នាំ ២០២៤-២០២៦ ដល់មូលនិធិសកល​ ដើ​ម្បីប្រ​យុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលជាដៃគូដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅក្នុងតំបន់»​។ ​

​ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នេះដែរ ក្នុង​សារលិខិត​សម្រាប់​ទិវាជាតិប្រយុទ្ធជំងឺគ្រុន​ចាញ់ នា​ថ្ងៃ​ទី​២៥ ខែ​​មេសា ឆ្នាំ២០២៣​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានដាក់​ចេញ​យុទ្ធសាស្ត្រ​ដោ​យ​ប្តេជ្ញា​នឹង​កម្ចាត់​ចោល​ជំងឺ​គ្រុន​ចាញ់​ឱ្យ​ដល់​កម្រិត​សូន្យ​ចាប់​ពេល​នេះ​ត​ទៅ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ផែនការ​យុទ្ធសាស្ត្រជាតិ​លុប​បំបាត់​ជំងឺគ្រុនចាញ់នៅកម្ពុជា​កំពុង​ទទួលបានជោគជ័យ ព្រោះបើគិតចាប់តាំងពីឆ្នាំ២០១៦មក​ ត្រូវបានបញ្ឈប់លែងឱ្យមានភាពស៊ាំនឹង​ថ្នាំ​សម្លាប់​មេរោគគ្រុន​ចាញ់​ បន្ទាប់មកនៅចាប់ពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្នពុំមាន​​មនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់​។

​ករណីឈឺ​​ដោយជំងឺគ្រុនចាញ់​ ត្រូវបាន​កាត់​បន្ថយជាលំដាប់ ពីជាង១១ម៉ឺនករណីឈឺ និង​ស្លាប់ជាង​៥០០នាក់ នៅឆ្នាំ២០១១ មកនៅសល់៤០៤១ ករណីឈឺនៅឆ្នាំ​២០២២។ ​ចំនួន​នេះ​មានការ​ថយចុះ​ចំនួន ៦​ ភា​គរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ករណី​គ្រុន​ចាញ់ ចំនួន ៤ ៣១៨​ ករណី​។​

​​​ថ្លែង​ក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងថា ជំងឺគ្រុនចាញ់ ជា​ប្រភេទ​ជំងឺ​ដែល​បង្ក​ឡើ​ង​ដោយ​មូស​ដែក​គោល​ចម្លង​មេរោគ​ទៅ​មនុស្ស​បណ្តាល​ទៅ​ជា​បញ្ហា​ព្រួយ​បារម្ភ​ចំបង​ដល់​សុខភាព​សាធារណៈ ​និង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​សង្គម។​

ឯកឧត្តមរដ្ឋមន្រ្តី ក៏ជំរុញស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចា​ញ់ឱ្យ​ដល់​កម្រិត​សូន្យ​ចាប់​ពេល​នេះ​ត​ទៅ ​ខណៈ​ដែល​ផែន​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៥​ ខាងមុខនេះ៕​

ដោយ៖សែម ពិសី

ads banner