រាជរដ្ឋាភិបាលចាប់ដៃគូជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) នឹងជំរុញ និងពង្រីកកិច្ចសហការកាន់តែល្អ ប្រសើរ ដូចជា (១) ការចែករំលែកចំណេះដឹង, បទពិសោធន៍ និង ការបណ្ដុះបណ្ដាល។ (២) ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលគន្លឹះ និង (៣) ការគាំទ្រលើសកម្មភាព និង កម្មវិធីផ្សេៗទៀត ទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ សំដៅជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង បច្ចកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

ថ្នាល CamDX គឺជាថ្នាលផ្លាស់ប្តូរទិន្នន័យដោយប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ Application Programming_Interface (API) រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត។ សមាជិកទាំង១៤ ដែលមកពីវិស័យឯកជន បាននិងកំពុងប្រើប្រាស់ថ្នាល CamDX សម្រាប់ការផ្លាស់ប្តូរទិន្នន័យអត្តសញ្ញាណកម្មរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់ក្នុងក្របខណ្ឌសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (E-KYC)។

ទន្ទឹមគ្នា ធនាគារ និងក្រុមហ៊ុនជាច្រើនទៀតបាននិងកំពុងបង្ហាញចំណាប់អារម្មណ៍ ហើយខ្លះទៀតកំពុងស្ថិតក្នុងការបំពេញលក្ខខណ្ឌផ្សេងៗ ដើម្បីក្លាយជាសមាជិកថ្នាល CamDX ផងដែរ។ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានថ្លែងថា កិច្ចសហការបែបនេះ នឹងបង្កើតជាគំរូនៃសហថាមពល (Synergy) និង សហបង្កើតថ្មី (Co-creation) រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងធ្វើឱ្យមានការបង្កើតនូវសេវា និង ផលិតផលថ្មីៗ សំដៅលើកម្ពស់ការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍។

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដោយឯកឧត្តមបណ្ឌិត គង់ ម៉ារី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” ជាមួយធនាគារ ABA តំណាងដោយលោក អាស់ខាត អាហ្ស៊ីខាន់ណូវ (Askhat Azhikhanov) នាយកប្រតិបត្តិធនាគារ ABA ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរស់រវើក និង ស្របតាមគោលនយោបាយ និង និន្នាការជាតិ តំបន់ និង សាកល។

នាឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់សមាជិកភាពថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដែលបច្ចុប្បន្នមានសមាជិកចំនួន ១៤ ដែលមកពីវិស័យឯកជនផងដែរ៕

អត្ថបទ៖ ឈឹម ទីណា