ស៊ុយអែតបណ្ដេញបុគ្គលិកស្ថានទូតរុស្ស៊ីប្រាំនាក់ ដោយសង្ស័យពីបទធ្វើចារកម្ម
ស្តុកខុល៖ ស៊ុយអែតបានជូនដំណឹងដល់រុស្ស៊ីកាលពីថ្ងៃអង្គារថា បុគ្គលិកស្ថានទូតរុស្ស៊ីប្រចាំទីក្រុងស្តុកខុលចំនួនប្រាំនាក់ ត្រូវបានស្នើសុំឱ្យចេញពីស៊ុយអែតដោយសង្ស័យពីបទធ្វើចារកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billström បាននិយាយថា សកម្មភាពរបស់អ្នកទាំង៥ ដែលរងការចោទប្រកាន់ គឺមិនស៊ីគ្នានឹងឋានៈការទូតរបស់ពួកគេ។ លោកបន្តថា ស៊ុយអែត ក៏បានផ្ដល់ដំណឹងទៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសស៊ុយអែត លោក Viktor Tatarintsev អំពីការបណ្តេញនេះហើយដែរ។
គួរគូសបញ្ជាក់ថា ការបណ្ដេញចេញនេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា សេវាសន្តិសុខស៊ុយអែត ឬSAPO ថ្មីៗនេះ បានទទួលបញ្ជីឈ្មោះមន្ត្រីស៊ើបការណ៍សម្ងាត់រុស្ស៊ីមួយចំនួន ដែលសង្ស័យថាជាមន្ត្រីចារកម្មរុស្ស៊ី។
កាលពីឆ្នាំមុន ស៊ុយអែត ដែលកំពុងចង់ចូលជាសមាជិកអង្គការណាតូក្រោមការគំរាមគំហែងសន្តិសុខពីរុស្ស៊ីដែលកំពុងឈ្លានពានអ៊ុយក្រែន ក៏បានបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ីចំនួន៣នាក់ផងដែរ ខណៈប្រទេសជិតខាងន័រវេស បាននិយាយកាលពីពីរសប្តាហ៍មុនថា ខ្លួនបណ្តេញអ្នកការទូតរុស្ស៊ី ១៥ នាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទចារកម្មដូចគ្នា។
កាលពីសប្ដាហ៍មុនផងដែរ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈនៃប្រទេសដាណឺម៉ាក ហ្វាំងឡង់ ន័រវែស និងស៊ុយអែត បានរាយការណ៍ក្នុងការស៊ើបអង្កេតរួមគ្នាថា រុស្ស៊ីត្រូវបានគេសង្ស័យថាបានធ្វើចារកម្មនៅក្នុងដែនទឹកនៃសមុទ្របាល់ទិក និងសមុទ្រខាងជើង ដោយប្រើទូកនេសាទស៊ីវិល កប៉ាល់ដឹកទំនិញ និងទូក៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Sweden expels 5 Russian Embassy staff on suspicion of spying