លោក ហ៊ុន សែន ជំរុញឱ្យយកចិត្តទុកដាក់ចូលរួមការពារអភិរក្សនិងពង្រីកការដាំដុះដើមត្នោត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកឱ្យបានខ្ពស់បំផុតក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះបន្ថែមទៀត ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោត ខណៈពលរដ្ឋដែលធ្លាប់ប្រកបរបរផលិតស្ករត្នោតបានបោះបង់មុខរបរនេះ។
ការអំពាវនាវនេះ ស្របពេលដែលការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យមានកំណើនវិស័យ ឧស្សាហកម្ម និងសេវាកម្ម ដែលស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន និងផ្តល់ប្រាក់ឈ្នួលខ្ពស់ ព្រមទាំងការឡើងថ្លៃ អចលនទ្រព្យ បានធ្វើឱ្យប្រជាពលរដ្ឋបោះបង់មុខរបរផលិតស្ករត្នោត ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះការធ្លាក់ចុះផលិតផលស្ករត្នោត និងការបាត់បង់ដើមត្នោតដែលជាអត្តសញ្ញាណជាតិ។ បន្ថែមពីនេះ ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១០ ហើយបន្ទាប់មកបានចុះបញ្ជីការពារនៅបណ្តាប្រទេសចំនួន២៩ផ្សេងទៀត។
តាមរយៈសារលិខិតក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជាកំណត់យកថ្ងៃទី ២៦ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ធ្វើឱ្យមានការកើនឡើងតម្រូវការទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលបាននាំចេញទៅកាន់ សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក កូរ៉េ ជប៉ុន និងថៃ។
លោក ហ៊ុន សែន បានគូសបញ្ជាក់ថា៖«ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ បានរួមចំណែកបង្កើនតម្លៃស្ករត្នោតកំពង់ស្ពឺ បង្កើតការងារ លើកកម្ពស់ជីវភាព និងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមអភិរក្សដើមត្នោតដែលជា អត្តសញ្ញាណជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការអភិរក្សធនធានដើមត្នោត ប្រជាពលរដ្ឋបានបន្តថែរក្សា កេរដំណែលចំណេះដឹងជាប្រពៃណី និងឧបករណ៍បុរាណពាក់ព័ន្ធនឹងការផលិតស្ករត្នោត ដែលជាសម្បត្តិវប្បធម៌ សម្រាប់ការពារអត្តសញ្ញាណជាតិ និងជាគោលដៅទាក់ទាញទេសចរ។
ទោះជាយ៉ាងក្តី ពលរដ្ឋមួយចំនួនបានបោះបង់មុខរបរនេះ ខណៈលោកនាយករដ្ឋមន្រ្តី អំពាវនាវដល់បងប្អូនជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធ មេត្តាយកចិត្តទុកឱ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះដើមត្នោតបន្ថែមទៀត ព្រមទាំងទាញយក អត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោត។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងប្រាប់ថា កាលពីមុនពលរដ្ឋដែលមានជីវភាពក្រីក្រខិតខំឡើងត្នោតដើម្បីយកទឹក និងផ្លែមកលក់ ប៉ុន្តែឥឡូវជីវភាពគាត់ប្រសើរឡើង ពុំសូវមានអ្នកឡើងត្នោតដូចមុនទេ ទោះបីជាលោកខំជំរុញយ៉ាងណាក៏ដោយ។លោកថា៖«ដើមត្នោតនៅមានច្រើនដែរ ប៉ុន្តែអត់សូវមានប្រជាជនគាត់ឡើងត្នោតទៀតទេ កាលពីមុនដើមត្នោតអត់ដែលមានស្លឹកទេ ពលរដ្ឋកាប់ទាំងស្លឹក ទាំងដើម ដើម្បីធ្វើផ្ទះ ធ្វើដំបូល ប៉ុន្តែឥឡូវនេះអត់មានកាប់ដើមយកធ្វើផ្ទះទេ បើមានគឺកាប់ដើម្បីអភិវឌ្ឍន៍ដីរបស់គាត់»។
បន្ថែមពីនេះលោកថា អាជ្ញាធរ ក៏បានចុះផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធអត្ថប្រយោជន៍នៃដើមត្នោតដល់ប្រជាពលរដ្ឋផងដែរ។ លោកថា៖«យើងបានជម្រាបគាត់ហើយ ទោះជាចង់ធ្វើលំនៅឋាន ឬសាងសង់រោងចក្រសហគ្រាស គឺសុំឱ្យគាត់បង្កើនការខិតខំរក្សាដើមត្នោតឱ្យបាន បើមិនបានដាំដុះ។ ទន្ទឹមនឹងនេះ ក៏សូមឱ្យគាត់ចូលរួមដាំដុះឡើងវិញ ដើម្បីសោភណ្ឌភាពផង រក្សាបាននូវកិតិ្តយស កេរ្តិ៍ឈ្មោះស្ករត្នោតកំពង់ស្ពឺសម្គាល់ភូមិសាស្រ្ត»។
ចំណែកលោក វី វាសនា ជំនួយការទូទៅនៃសមាគមស្ករត្នោតកំពុងស្ពឺ បានបង្ហាញឱ្យដឹងពីក្តីបារម្ភថា ចំនួនសមាជិកភាពនៃកសិករនៅក្នុងសមាគម មានចំនួនមិនទៀងទាត់ និងបានជះឥទ្ធិពលទៅលើបរិមាណផលិត ខណៈក្មេងៗជំនាន់ក្រោយមិនចាប់អារម្មណ៍ក្នុងការបន្តអាជីពនេះពីគ្រួសាររបស់ពួកគេ។លោកឱ្យដឹងថា៖ «សម្រាប់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះមិនមែនជាបញ្ហាប្រឈមសម្រាប់សមាគមកសិកម្មស្ករកំពង់ស្ពឺនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដនោះគឺ ចំនួនកសិករមិនទៀងទាត់ ឡើងចុះៗ»។
ក្រៅពីបញ្ហាកម្លាំងពលកម្ម លោក វី វាសនា ក៏បានឱ្យដឹងពីបញ្ហាប្រឈមមួយទៀតគឺ ការបាត់បង់ដើមត្នោតមួយចំនួនធំតាមរយៈការអភិវឌ្ឍន៍ឈូសឆាយធ្វើដីឡូត៍ ខណៈលោកថាសមាគមតែងតែធ្វើការផ្សព្វផ្សាយទៅដល់កសិករដើម្បីទប់ស្កាត់ការកាប់ដើមត្នោតហើយពលរដ្ឋខ្លះបានដាំឡើងវិញ។ សូមជម្រាបថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ស្ករត្នោតកំពង់ស្ពឺ បានកំណត់យកតំបន់ភូមិសាស្ត្រចំនួន៣ រួមមាន ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នួល ដែលមានដើមត្នោតសរុបប្រមាណ ៣០ ០០០ដើម។ ប៉ុន្តែបច្ចុប្បន្ននេះ មានតែដើមត្នោតចំនួន ៣ ៦៣៧ ដើម ដែលអាចផលិតស្ករត្នោតបានបរិមាណ២៥០ តោនប៉ុណ្ណោះ ដែលបាននិងកំពុងអាស្រ័យផលដោយគ្រួសារចំនួន១៥៣ ជាសមាជិកសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ៕ ដោយ៖ សុខ រក្សា