ក្រុមយុវជនអង្គការសង្គមស៊ីវិល ប្តេជ្ញាចិត្ត រួមគ្នាទប់ស្កាត់ និងលុបបំបាត់ចោលគោលនយោបាយ ដែលជាគ្រោះថ្នាក់សម្រាប់ជាតិ
ភ្នំពេញ ៖ ក្រុមយុវជនអង្គការសង្គមស៊ីវិល បានបង្ហាញការប្តេជ្ញាចិត្តថា នឹងរួមគ្នាទប់ស្កាត់ និងលុបបំបាត់ចោលគោលនយោបាយខ្មៅកខ្វក់នេះចេញពីកម្ពុជា ដែលជានយោបាយដ៏គ្រោះថ្នាក់សម្រាប់ជាតិ ។ ជាក់ស្តែង នៅព្រឹកថ្ងៃពុធទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បណ្តាញក្រុមយុវជនអង្គការសង្គមស៊ីវិល ដែលធ្លាប់ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះ បានធ្វើសន្និសីទព័ត៌មានរួមគ្នា បង្ហាញពីយុទ្ធនាការកម្ចាត់ចោលនូវនយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំង ជាពិសេសក្រុមប្រឆាំងដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ។
ក្រុមយុវជនដែលធ្លាប់ចូលរួមគាំទ្រសកម្មភាពនយោបាយដឹកនាំដោយ សម រង្ស៊ី នោះ បានលើកឡើងថា ពួកគេសង្កេតឃើញថា អ្នកនយោបាយប្រឆាំងមួយចំនួនតូចតែងតែរិះរកយុទ្ធសាស្ត្រធ្វើឱ្យខុសសីលធម៌សង្គម សីលធម៌នយោបាយ ខុសច្បាប់ជាតិ-អន្តរជាតិ ប៉ះពាល់កិត្តិយសប្រទេសជាតិក្នុងឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ។ ពួកគេបានតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហា សង្គមនយោបាយ កន្លងមកនិងពេលបច្ចុប្បន្ន។
ក្រុមយុវជនអង្គការសង្គមស៊ីវិលទាំងនេះ បន្តទៀតថា មានកត្តាជាច្រើន ដែលយើងបានដឹងពីនយោបាយពុតត្បុត ហើយប្រជាជនខ្មែរដែលបានរងគ្រោះ បានធ្វើសកម្មភាពខុសច្បាប់ ដោយសារតែមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយម ។ តែជាសំណាងល្អដោយសារប្រជាជនខ្មែរទាំងក្នុងនឹងក្រៅប្រទេសបានដឹងខ្លួន និងដកខ្លួនចេញ ក្រោយពីបានដឹងអំពីគោលនយោបាយខ្មៅកខ្វក់របស់មេដឹកនាំឧទ្ទាមក្រៅប្រទេសម្នាក់នោះ។ ទាំងនេះជាការយល់ឃើញ និងរំលឹកពីពិសោធន៍ដែលពួកគេធ្លាប់ហែលឆ្លងជាមួយបក្សប្រឆាំង ។
ជាក់ស្តែងមានមេដឹកនាំប្រឆាំងម្នាក់ ដែលជា អតីតមេដឹកនាំអតីតបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ជាតិ សាសន៍ លាបពណ៌ ប្រជាជនខ្មែរទាំងក្នុងនឹងក្រៅប្រទេសឲ្យវាយតម្លៃជាតិសាសន៍ ប្រើភាសារើសអើងពូជសាសន៍ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតបំភ័ន្តភ្នែកមហាជនជាតិ-អន្តរជាតិឲ្យវមើលងាយជាតិសាសន៍ខ្លួនឯង បង្កើតបញ្ហាផ្សេងៗរាប់មិនអស់ ។
ពួកគេបានលើកឡើងទៀតថា នយោបាយមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗ ហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ដែលមិនអាចជួយបង្រួបបង្រួមជាតិ និងសង្គមកម្ពុជាឡើយ ៕ ដោយ ហេង សម្បត្តិ