សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា និងបញ្ចុះខណ្ឌសីមា”វត្តព្រះពុទ្ធពោធិញាណ”ហៅវត្តអាងពោធិ៍ក្នុងក្រុង-ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ ព្រះវិហារ រួមនិងសមិទ្ធផលនានាជាច្រើនទៀតស្ថិតនៅក្នុង “វត្តព្រះពុទ្ធពោធិញាណ” ហៅ(វត្តអាងពោធិ៍)ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង វរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះបរមរាជវាំង ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ “វត្តព្រះពុទ្ធពោធិញាណ”ហៅ វត្តអាងពោធិ៍ ដែលកំពុងប្រាព្ធពិធបញ្ចុះខណ្ឌសីមានេះ បានចាប់ផ្តើកសាងក្នុងអំឡុងខែមីនាឆ្នាំ២០០៤ លើផ្ទៃដីទំហំប្រមាណ ៧.២៦៩,២០ម៉ែត្រក្រឡាក្រោមគំនិតផ្តួចផ្តើម និងការជួយឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ហើយសំណង់ព្រះវិហារថ្មីនេះបានចាប់ផ្តើមសាងសង់ នៅដើមខែមេសា ឆ្នាំ២០១៤ ដែលមានទំហំ(១៦មx១០មនិងកំពស់៨ម)ប្រក់ក្បឿង មានរចនាបទខ្មែរ ហើយត្រូវបានកសាងរួចរាល់ជាស្ថាពរនៅខែកុម្ភៈឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបចំនួន ១០៥ ០០០ដុល្លារ ។
ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃកម្ពុជា សម្ដេចចៅហ្វាវាំងវរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ក៏បានថ្លែងនាំមកនូវព្រះរាជបណ្តាំផ្ញើនិការសួរសុខទុក្ខ ដោយសេចក្ដីនឹករលឹក និងការជូនពរជ័យសិរីមង្គលដ៏មហាប្រសើរ របស់អង្គព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រគេនដល់ព្រះមេគណ ព្រះអនុគណ ព្រះថេរា នុត្ថេរៈគ្រប់ព្រះអង្គនិងជូនឯកឧត្តមលោកជំទាវ ដែលជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ឋានានុក្រមទាំងអស់ក្នុងខេត្ត និងលោកតា លោកយាយ អុំពូមាមីង ដែលមានវត្តមាននៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ។
សម្តេច គង់ សំអុល ក៏បានបញ្ជាក់ថា៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានបច្ច័យចំនួន ២.០០០ដុល្លារអាមេរិក សម្រាប់ជាគុណប្រយោជន៍ សម្រាប់ចូលរួមកសាង សមិទ្ធផល ក្នុងវត្តនេះផងដែរ ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប