ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្ររោងផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុន យូរ៉ាហានេស ខេមបូឌា (YURA Harness Cambodia) នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុន យូរ៉ាហានេស ខេមបូឌា (YURA Harness Cambodia) ដែលស្ថិតនៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន YURA Harness ដែលបានផ្ដល់ ការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រេចបើកសាខាក្រុមហ៊ុន និងសាងសង់រោងចក្រនៅលើទឹកដីនៃខេត្តកំពង់ស្ពឺ ដើម្បីធ្វើការផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តសម្រាប់នាំចេញ ។

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ខេត្តកំពង់ស្ពឺបានកែប្រែមុខមាត់ជាបន្តបន្ទាប់។ ហើយការកែប្រែនេះ តម្រូវឱ្យមានការខិតខំប្រឹងប្រែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ លើការបន្តបណ្តុះបណ្តាលជំនាញផ្សេងៗ និងពង្រឹងសមត្ថភាពការងារ ស្របតាមគោលនយោបាយដែលដាក់ដោយរាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគ។ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ បានផ្តល់ឱកាសអោយក្រុមហ៊ុនជាច្រើនជ្រើសរើសមកវិនិយោគនៅកម្ពុជា ។

សូមជម្រាបជូនថា YURA Harness (Cambodia) ក្រុមហ៊ុននេះ ជាសាខាមួយរបស់ក្រុមហ៊ុន YURA Harness មកពីសាធារណរដ្ឋកូរ៉េ ដែលបានបង្កើតឡើងតាំង ពីឆ្នាំ១៩៧០មកម្ល៉េះ បើគិតមកដល់ពេលនេះមានបទពិសោធន៍ ៥៣ឆ្នាំហើយ លើជំនាញផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត សម្រាប់ផ្គត់ផ្គង់ដល់សង្វាក់ផលិតកម្មរថយន្តធំៗនៅកូរ៉េ និង បណ្តាប្រទេសនៅអឺរ៉ុប។ ក្រុមហ៊ុនបានបើករោងចក្រចំនួន ៧១ នៅបណ្តាប្រទេសចំនួន ១៦ ជុំវិញ ពិភពលោក (នៅតំបន់អាស៊ីអាគ្នេយ៍ មានសាខានៅប្រទេសវៀតណាម ១២ ឥណ្ឌូនេស៊ី ១ និង កម្ពុជា ១)។

សម្រាប់សាខារោងចក្រ YURA Harness (Cambodia) ក្រុមហ៊ុនបានចំណាយទុន វិនិយោគចំនួន ១៥លានដុល្លារអាមេរិក រួមជាមួយអគាររោងចក្រទំហំ ១៧,៥០០ម៉ែត្រការ៉េ បំពាក់ដោយគ្រឿងបច្ចេកទេស ឧស្សាហកម្មស្វ័យប្រវត្តិ ក្នុងសង្វាក់ផលិតកម្ម និងស្រូបកម្លាំងពលកម្មសរុប ១,១០០នាក់ ក្នុងនោះមានបុគ្គលិកជាជនជាតិបរទេសចំនួន ៧នាក់៕

ដោយ ៖ ម៉ុន សំអាត

ads banner