គណៈបញ្ជាការឯកភាពខេត្ត ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

កំពង់ធំ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ចុះផ្សព្វ ផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន ១៥នាក់  នៅភូមិថ្នល់បែកខាងកើត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ-ឃុំ របស់យើងមានសុខសន្តិភាព គ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាង គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់។ ដូច្នេះសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាអនុវត្តឱ្យបានជោគជ័យ ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាន ។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួនបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដោយអញ្ជើញទៅបោះឆ្នោតជូនគណបក្សនយោបាយណាមួយ ដែលខ្លួនស្រឡាញ់ពេញចិត្ត គឺគណបក្សដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើន ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ៕

ដោយ ប៊ុន រដ្ឋា

ads banner