អ៊ុយក្រែន៖ រុស្ស៊ីវាយប្រហារតាមអាកាសលើសារមន្ទីរ ដោយសម្លាប់ជនស៊ីវិលពីរនាក់
កៀវ៖ ក្រុមមន្រ្តីអ៊ុយក្រែនអះអាងកាលពីថ្ងៃអង្គារថា រុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសទៅលើអគារសារមន្ទីរនៅទីក្រុង Kupiansk ក្នុងតំបន់ខាកៀវ ដោយសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ពីរនាក់ និងធ្វើឱ្យរបួស ១០ នាក់ផ្សេងទៀត។ ការវាយប្រហារនេះ ធ្វើឡើងចំពេលដែលការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីបន្តអូសបន្លាយរ៉ាំរ៉ៃ ខណៈអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការវាយបកបន្ទាប់។
ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា យោធារុស្ស៊ី ដែលតែងបដិសេធលើការវាយប្រហារជនស៊ីវិល បានប្រើប្រាស់មីស៊ីលការពារដែនអាកាស S-300 ដើម្បីធ្វើការវាយប្រហារ។ ក្រោយការវាយប្រហារនៅថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានបង្ហោះវីដេអូដែលបង្ហាញអំពីគំនរអគារបាក់បែក និងក្រុមអ្នកជួយសង្រ្គោះបន្ទាន់ពិនិត្យមើលការខូតខាត។
លោក ហ្សេលេនស្គី បានថ្លែងថា៖ «ប្រទេសភេរវករ (សំដៅលើរុស្ស៊ី) កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញពួកយើងទាំងស្រុង។ ប្រវត្តិសាស្រ្តរបស់យើង វប្បធម៌របស់យើង ប្រជាជនរបស់យើង។ សម្លាប់ជនជាតិអ៊ុយក្រែន ដោយប្រើវិធីព្រៃផ្សៃបំផុត»។
បើតាមលោក ហ្សេលេនស្គី បុគ្គលិកសារមន្ទីរម្នាក់ត្រូវបានសម្លាប់ ខណៈអភិបាលតំបន់ខាកៀវលោក Oleh Syniehubov បានឱ្យដឹងក្រោយមកទៀតថា សាកសពជនរងគ្រោះបាត់បង់ជីវិតម្នាក់ទៀត ត្រូវបានគេទាញចេញពីគំនរបាក់បែក។
ជាមួយគ្នានេះផងដែរ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឱ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីនៅទីក្រុង Dvorichna ក្បែរក្រុង Kupiansk កាលពីថ្ងៃអង្គារដូចគ្នា ខណៈជនស៊ីវិល ២ នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ភាគខាងកើតដុនណិតស្ក៍។
គួររំឮកថា ក្រុង Kupiansk ត្រូវបានរុស្ស៊ីកាន់កាប់ក្នុងដំណាក់កាលដំបូងៗនៃការឈ្លានពាន ប៉ុន្តែត្រូវបានអ៊ុយក្រែនវាយយកមកវិញក្នុងប្រតិបត្តិការវាយបកនៅខែកញ្ញាឆ្នាំមុន ដែលធ្វើឱ្យរុស្ស៊ីរត់ចោលការប្រយុទ្ធក្នុងតំបន់កៀវទាំងមូល។ ពេលនេះ យោធាអ៊ុយក្រែនកំពុងរៀបចំសម្រាប់ការវាយបកថ្មី ដោយពឹងផ្អែកលើការផ្គត់ផ្គង់ចុងក្រោយបំផុតនៃរថក្រោះប្រយុទ្ធ និងសព្វាវុធផ្សេងទៀតរបស់លោកខាងលិច ក៏ដូចជាកងយោធា ដែលទទួលការបណ្ដុះបណ្ដាលនៅលោកខាងលិច៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Russian air attack on museum kills two, Ukraine says