សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈចំនួនបីនៅថ្ងៃទី២៨ ខែមេសា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីពិនិត្យនិង សម្រេចលើសំណើសំខាន់ៗចំនួនបី។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកាលពីថ្ងៃទី ២៦ ខែមេសាបានឱ្យដឹងថា កិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យ និងសម្រេចលើមានរបៀបវារៈចំនួនបីមានដូចជាៈ

(រូបថតឯកសារ)


១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវន- កម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីសារ ពើពន្ធ ទៅក្នុងរបៀបវារៈសម័យប្រជុំលើក ទី១០ ព្រឹទ្ធសភានីតិកាលទី៤ ។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈ កម្ម ការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្ដីពីលទ្ធកម្មសាធារណៈ ទៅក្នុងរបៀបវារៈសម័យ ប្រជុំលើកទី ១០ ព្រឹទ្ធសភានីតិកាលទី៤ ។
៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម ការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាម ពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះ រាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ។
សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចឯកភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ត្រូវបានរៀបចំឡើងជា ២០ជំពូក និង ២៥៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងជា ១៥ជំពូក និង ៨៧មាត្រា។
សេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ភាពងាយស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបានសង្គតិភាពដោយ៖ (១) ប្រមូលផ្តុំចងក្រងច្បាប់និង លិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្តីពីសារពើពន្ធ ព្រមទាំងវិសោធនកម្មជាបន្តបន្ទាប់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកនិងការ អនុវត្ត, (២) កែសម្រួលនិងបំពេញបន្ថែមនូវបទប្បញ្ញត្តិដែលមានភាពខ្វះចន្លោះ, (៣) ដាក់បញ្ចូល នូវគោលការណ៍ទន់ភ្លន់ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការលើកទឹកចិត្ត ផ្នែកពន្ធដារមួយចំនួន, និង (៤) បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម ឌីជីថលកម្ពុជា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច តាមរយៈការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបក្នុងការកៀរគរនិងគ្រប់គ្រងការប្រមូលចំណូល។
សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងស្របតាមទិសដៅនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយ តួនាទីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មលើកិច្ចលទ្ធកម្ម ចំណែកក្រសួង ស្ថាប័ន នឹងត្រូវផ្ដល់សិទ្ធិអំណាចនិងការទទួលខុសត្រូវ ព្រមទាំងគណនេយ្យភាព ពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។
ចំណែកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូន «សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ៕ ដោយ៖ពលជ័យ

ads banner