នាវាស្វ័យការពារជើងទឹកជប៉ុនទស្សនកិច្ចកម្ពុជា ដើម្បីកសាងជំនឿទុកចិត្តរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ
ភ្នំពេញ៖ នាវាស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាលើកទីពីរសម្រាប់ឆ្នាំ២០២៣នេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងស្របពេលខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
នេះជាការលើកឡើងរបស់លោកអនុនាវីឯក Nakai Eiichi មេបញ្ជាការផ្នែកសម្អាតគ្រាប់ផ្ទុះ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុនកាលពីថ្ងៃទី២៥ ខែមេសាក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី២៦ ខែមេសា លោក ណាកៃ អៃអាយជី (Nakai Eiichi) បានថ្លែងថា គោលបំណងទស្សនកិច្ចនេះ ដើម្បីពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតរវាងជប៉ុន-កម្ពុជា, កសាងជំនឿទុកចិត្តរវាងកងទ័ពជើ ងទឹកប្រទេសទាំងពីរ និងដើម្បីឱ្យនាវិកប្រទេសទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមក។
នាឱកាសនោះ លោក ជាវ វិជ្ជាក់ ក៏បានថ្លែងនូវការស្វាគមន៍ការចូលចតរបស់នាវាស្វ័យ ការពារជើងទឹកជប៉ុននៅលើទឹកដី នៃខេត្តព្រះសីហនុ នាពេលនេះ។
លោកមានប្រសាសន៍ថា ៖ «ឆ្នាំ២០២៣នេះ ជាខួបទី៧០ឆ្នាំ នៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន និងជាខួបលើកទី៣១ ដែលជប៉ុនបានបញ្ជូនកងរក្សាសន្តិសុខលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា»។
លោក ជាវ វិជ្ជាក់ បានបន្ថែមថា ចាប់ពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០២៣ នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនបានចូលចតនៅកម្ពុជា ចំនួន ១៥ លើក ស្មើនឹងចំនួន៣១នាវា ហើយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទទួលជួបសំណេះសំណាលជាមួយមេបញ្ជាការនាវានិងនាវិករបស់នាវាស្វ័យការពារជើងទឹកជប៉ុននៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ សម្រាប់ខួបលើកទី ៣០ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជាជាលើកដំបូងរបស់ប្រទេសជប៉ុនផងដែរ។
លោកបានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីកាន់តែស៊ីជម្រៅបន្ថែមទៀតនាពេលខាងមុខ។
បើតាម លោក ជាវ វិជ្ជាក់ នាពេលកន្លងមកនេះ កម្ពុជាទទួលនាវាចូលចតជាច្រើន មានដូចជានាវាទេសចរណ៍ នាវាកងទ័ពជើងទឹកមានដូចជា ជប៉ុន អាមេរិក បារាំង អូស្ត្រាលី ឥណ្ឌា ប៉ាគីស្ថាន ថៃ និងវៀតណាមផងដែរ។
សូមបញ្ជាក់ដែរថា នាវាស្វ័យការពារជើងទឹកជប៉ុន ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មាននាវិកប្រមាណ ១៨០នាក់ បានចាកចេញពីកម្ពុជាហើយ នាថ្ងៃទី ២៦ បន្ទាប់ពីនាវាដ៏ទំនើបនេះ បានចូលចតរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមេសា ឆ្នាំ ២០២៣នេះ៕ ដោយ៖ គឹម យុត្ថារ៉ូ