កូនផ្សោតទើបនឹងកើតថ្មីអាយុប្រមាណមួយសប្តាហ៍ ត្រូវបានកត់ត្រាជាកូនផ្សោតទី៣ ក្នុងរយៈពេលបួនខែនៅឆ្នាំនេះ
ភ្នំពេញ៖ រដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានកត់ត្រាកូនផ្សោតថ្មីមួយទើបនឹងកើត ដែលជាកូនផ្សោតទី៣ ក្នុងរយៈពេលបួនខែចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣នេះ ។មន្ត្រីអភិរក្សបាននិយាយថា ឆ្នាំនេះចំនួនអត្រាស្លាប់នៃសត្វផ្សោតមានការថយចុះប្រមាណ៥០ភាគរយ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅយប់ថ្ងៃទី២៥ ខែមេសា បានធ្វើការប្រកាសពីការរកឃើញនូវកូនផ្សោតទើបកើតថ្មីមួយក្បាល ដែលមានអាយុប្រមាណមួយសប្តាហ៍ កំពុងហែលជាមួយផ្សោតពេញវ័យពីរក្បាលផ្សេងទៀត។

ក្រសួងបានបន្តថា តាមការអង្កេតរបស់ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាវត្តមានកូនផ្សោតទើបនឹងកើតថ្មីនេះ ជាកូនផ្សោតទី៣ហើយ បើគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣នេះ។
ក្រសួងបញ្ជាក់ថា ៖ «ក្រុមអ្នកស្រាវជ្រាវ បានកត់ត្រាកូនផ្សោតថ្មីនេះ នៅម៉ោង ១៣:៤២រសៀលនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដែលកំពុងហែលជាមួយផ្សោតពេញវ័យពីរក្បាលទៀត នៅចំណុច ០៦០០០៧៦,១៤៧២៥០០ នៃអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង»។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ថា ក្នុងនាមជាអង្គភាពទទួលខុសត្រូវ និងជាមន្ត្រីរដ្ឋបាលជលផល ដែលទទួលបន្ទុកលើការងារអភិរក្ស គឺពិតជាអបអរសាទរ និងសប្បាយរីករាយជាពន់ពេក។
លោកបានបន្តថា លោក និងមន្រ្តីពាក់ព័ន្ធមានការសប្បាយពេលទទួលបានកូនផ្សោតទើបនឹងកើតថ្មីម្ដងៗ ហើយនេះ គឺជាកូនផ្សោតលើកទី៣ ដែលកម្ពុជាមានកូនផ្សោតសរុបចំនួនបីក្បាល គិតចាប់ពីដើមឆ្នាំក្នុងខែមករាមក បើធៀបទៅនឹងមួយឆ្នាំពេញ ក្នុងឆ្នាំ២០២២ គឺកម្ពុជាមានកូនផ្សោតទើបកើតសរុប ៦ក្បាល។
ប៉ុន្តែបើទោះបីជាកន្លងមក មានកូនផ្សោតមួយក្បាលបានស្លាប់ក៏ដោយ លោក អ៊ុក វិបុលថា ចំនួនដែលនៅសេសសល់ទាំងនេះ ក៏ជារឿងដែលសាទរផងដែរ ពីព្រោះនៅក្នុងរយៈពេលបួនខែ ឆ្នាំ២០២៣នេះ កម្ពុជាអាចមានកូនផ្សោតទើបកើតចំនួន ៣ក្បាល។

លោកបន្តថា បើប្រៀបធៀបជាមួយសត្វផ្សោតដែលស្លាប់វិញ ក្នុងរយៈពេលបួនខែ ឆ្នាំនេះ មានសត្វផ្សោតចំនួន២ក្បាល គឺផ្សោតធំមួយ និងកូនផ្សោតមួយ ប៉ុន្តែបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានសត្វផ្សោតស្លាប់សរុបចំនួន ៦ក្បាល។ ដូច្នេះលោកថាអត្រានៃការស្លាប់សត្វផ្សោតក្នុងឆ្នាំនេះ គឺមានការថយចុះជាងឆ្នាំមុន។
លោក អ៊ុក វិបុល បញ្ជាក់ថា ៖ « យើងអាចថាវាមានការថយចុះជាងឆ្នាំមុន ជាង៥០ភាគរយ ប៉ុន្តែយើងនៅតែមិនមោទកភាពនោះទេ គឺយើងនូវតែប្រឹងប្រែងបន្តទៀតដោយត្រូវធ្វើយ៉ាងណាត្រូវកាត់បន្ថយការស្លាប់របស់សត្វផ្សោតឲ្យបាននៅទាបបំផុត ដែលអាចធ្វើទៅបាន»។
លោកបន្តថា ៖ «មួយវិញទៀត យើងក៏មិនអាចប្រឆាំងជាមួយនឹងធម្មជាតិបានទេ បើកាលណាផ្សោតវាស្លាប់ដោយកត្ដាធម្មជាតិ ប៉ុន្តែបើស្លាប់ដោយសារមង ដោយសារឆក់ វាជារឿងមួយដែលយើងមិនអាចទទួលយកបាន អ៊ីចឹងហើយបានយើងខំទប់ស្កាត់»។
ចំពោះវត្តមានកូនផ្សោតទើបកើតថ្មីនេះ កើតឡើងពីការខិតខំរួមគ្នា ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ជាមួយនឹងក្រសួងកសិកម្ម និងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។ នេះបើតាមលោក អ៊ុក វិបុលបន្ថែម ដោយលោកបន្តថា ការខិតខំប្រឹងប្រែងរួមគ្នានេះ ពិតជាបានផល និងមានប្រសិទ្ធភាពពិតមែន។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការWWF បានកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល ហើយនៅឆ្នាំ២០២១ ក្រុមការងារដដែលបានកត់ត្រាកូនផ្សោតបានចំនួនប្រាំមួយក្បាលដូចគ្នាដែរ៕ ដោយ៖ ជា សុខនី