អាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH រៀបចំសិក្ខាថ្នាក់តំបន់ជុំវិញដំណោះស្រាយប្រសិទ្ធភាពសម្រាប់ការងាររាវមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ

អត្ថបទដោយ៖
CPA

សៀមរាប៖អាជ្ញាធរមីនកម្ពុជា(CMAA)និងក្រុមហ៊ុនអាល្លឺម៉ង់ Vallon GmbH រៀបចំសិក្ខាសាលាថ្នាក់តំបន់លើកទី១ ពាក់ព័ន្ធនឹងដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងការស្វែងយល់ពីការវិវត្តចុងក្រោយបង្អស់នៃបច្ចេកវិទ្យារាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីចូលរួមកែលម្អប្រតិបត្តិការសកម្មភាពមីន។

សិក្ខាសាលាថ្នាក់តំបន់រៀបចំឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកជំនាញ និងអ្នកពាក់ព័ន្ធមកពីសហគមន៍សកម្មភាពមីន រួមទាំងប្រតិបត្តិករសកម្មភាពមីន អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការអន្តរជាតិ។

យោងតាមអាជ្ញាធរមីនបានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលដៅប្រមូលផ្តុំអ្នកជំនាញដើម្បីស្វែងយល់ពីការវិវត្តន៍ចុងក្រោយបង្អស់នៃបច្ចេកវិទ្យារាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីកែលម្អ ស្ថាបកនាប្រតិបត្តិការសកម្មមីន និងផ្តល់ជាយុទ្ធសាស្រ្តពន្លឿនឆ្ពោះទៅរកគោលដៅកម្ពុជា តំបន់អាស៊ាន និងពិភពលោកគ្មានមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងនាឱកាសនោះថា៖ «យើងមានមោទកភាពក្នុងការធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាជាប្រវត្តិសាស្ត្រនេះជាមួយក្រុមហ៊ុន Vallon GmbH និងការប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗនៅក្នុងរង្វង់សហគមន៍សកម្មភាពមីននៅកម្ពុជា និងពីតំបន់អាស៊ាន»។

ឯកឧត្តមបន្តថា ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រេចទស្សនវិស័យរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាលលោកហ៊ុន សែន ដើម្បីកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ «បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជា ការកំណត់ទីតាំង និងការកំណត់អត្តញ្ញាណគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងធ្វើឲ្យចំណេញពេលវេលា និងកាត់បន្ថយការចំណាយទៀតផង»។

ឯកឧត្តម លី ធុជ បានចាត់ទុកក្រុមហ៊ុន Vallon GmbH ជាដៃគូសំខាន់បំផុតក្នុងការងារបោសសម្អាតមីននៅប្រទេសកម្ពុជា ហើយជាក្រុមហ៊ុនដែលឈានមុខគេក្នុងពិភពលោកក្នុងការផលិត និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ផ្សារភ្ជាប់ទង្វើមនុស្សធម៌។

ជាមួយគ្នានោះដែរ លោក Markus Vallon នាយកគ្រប់គ្រងក្រុមហ៊ុន Vallon GmbH របស់អាល្លឺម៉ង់ក៏បានបង្ហាញការប្តេជ្ញាចិត្តចូលរួមជាមួយកម្ពុជាក្នុងភាពជាដៃគូជាមួយអាជ្ញាធរមីន លើការងាររាវមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបរបស់ខ្លួន ដើម្បីសម្រេចផែនការកម្ពុជាគ្មានមីនឆ្នាំ២០២៥ ផងដែរ។

លោកលើកឡើងថា ៖ «ក្រុមហ៊ុន VALLON GmbH បានផលិតនូវឧបករណ៍រាវរកគ្រាប់មីនជាច្រើនប្រភេទប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងបានទទួលបានការកែលម្អជាច្រើនពីកម្ពុជា ក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យាឲ្យកាន់តែប្រសើរឡើង ហើយបច្ចុប្បន្ន ក្រុមហ៊ុនបានដាក់បញ្ចូលភាសាខ្មែរក្នុងឧបករណ៍នេះ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកដោះមីនកម្ពុជាក្នុងការប្រើប្រាស់»។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន VALLON GmbH ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ឈានមុខគេមួយក្នុងពិភពលោក លើការផលិត និងផ្តល់សេវាឧបករណ៍បច្ចេកវិទ្យាទំនើបលើការរាវមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសព្វថ្ងៃកំពុងបំពេញបេសកកម្មនៅបណ្តាប្រទេសជាង៥០ ដែលបម្រើជាពិសេសកិច្ចសហការក្នុងកម្មវិធីរបស់អង្គការ MAG, NPA និង HALO Trust នៅប្រទេសថៃ វៀតណាម និងCMAC នៅកម្ពុជាផងដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner