អាហ្វ្រិកខាងត្បូង៖ គណបក្សកាន់អំណាចចង់ឱ្យប្រទេសដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បន្ទាប់ពីតុលាការនេះបានចេញដីកាចាប់ខ្លួនលោកពូទីន
ប្រេតូរីយ៉ា៖ប្រធានាធិបតីប្រទេសអាហ្វ្រ៊ិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) កាលពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៣បានលើកឡើងថា គណបក្សអភិវឌ្ឍន៍ជាតិអាហ្រ្វ៊ិក (ANC) របស់លោកដែលកំពុងកាន់អំណាចបានសម្រេចថា ប្រទេសអាហ្វ្រិកខាងត្បូងគួរតែដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីខែមុន។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោកពូទីនកាលពីខែមីនា ឆ្នាំ២០២៣នេះមានន័យថា រដ្ឋាភិបាលទីក្រុងប្រេតូរីយ៉ា (Pretoria) ប្រទេសអាហ្វ្រិកខាងត្បូង នឹងត្រូវចាប់ឃុំខ្លួនលោក ពូទីន នៅពេលដែលលោកធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ឬហៅថា BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក ហើយក្នុងឆ្នាំនេះ អាហ្វ្រិកខាងត្បូងគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល។
អំឡុងពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ លោក រ៉ាម៉ាហ្វូសា បានថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានដែលសហការរៀបចំឡើងជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សាវឌី នីនីស្តូ (Sauli Niinisto) ថា ៖ «ត្រូវហើយ! គណបក្សកាន់អំណាចបានទទួលយកការសម្រេចចិត្តបែបនោះដើម្បីបង្ការទុកជាមុន ពោលគឺអាហ្វ្រិកខាងត្បូង គួរតែដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។
លោក រ៉ាម៉ាហ្វូសា បានបញ្ជាក់ថា ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសភាជាតិអាហ្វ្រិកបានបញ្ចប់ទៅ ដោយសមាជិកសភាភាគច្រើនយល់ឃើញថា វាគឺជារឿងអយុត្តិធម៌របស់តុលាការអន្តរជាតិមួយនេះ ដែលបានធ្វើដាក់ចំពោះប្រទេសមួយចំនួន។ លោបានបន្តថា ៖ «យើងចង់ឱ្យបញ្ហាអយុត្តិធម៌នេះត្រូវបានលើកយកមកពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ គណបក្សកាន់អំណាចបានសម្រេចចិត្តហើយថា អាហ្វ្រិកខាងត្បូងគួរតែដកខ្លួនចេញពីសមាជិកភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។
សូមរំឭកថា ដីកាចាប់ខ្លួនលោក ពូទីន ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា វិមានក្រឹមឡាំងបាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ទៅកាន់ប្រទេសរុស្ស៊ី។ ដោយឡែក ពីបញ្ហាដែលថាតើអាហ្វ្រិកខាងត្បូងនឹងធ្វើការចាប់ខ្លួនលោកពូទីន ឬក៏យ៉ាងណានោះ លោក រ៉ាម៉ាហ្វូសា បានឆ្លើយតបថា ៖ «បញ្ហានេះកំពុងស្ថិតក្រោមការពិចារណា»។ ប៉ុន្តែ អគ្គលេខាធិការបក្ស លោក ហ្វ៊ីគីល បាលូឡា (Fikile Mbalula) បានប្រកាសមុននេះថា «លោក ពូទីន អាចធ្វើដំណើរចូលមកកាន់ប្រទេសនេះបានគ្រប់ពេល»។ អគ្គលេខាធិការបក្សរូបនេះ បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយទៀតថា «តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ មិនបានបម្រើផលប្រយោជន៍ជូនដល់ប្រទេសទាំងអស់ជារួមនោះទេ ប៉ុន្តែបម្រើតែផលប្រយោជន៍ដល់ប្រទេសមួយចំនួនប៉ុណ្ណោះ»។
គួរកត់សម្គាល់ថា វាមិនមែនជាលើកទីមួយទេដែលអាហ្វ្រិកខាងត្បូងប៉ុនប៉ងដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ កន្លងមក ប្រទេសនេះធ្លាប់បានប៉ុនប៉ងដកខ្លួនចេញរួចម្ដងមកហើយកាលពីឆ្នាំ២០១៦ បន្ទាប់ពីមានបញ្ហាមួយឆ្នាំមុន នៅពេលដែលប្រធានាធិបតីស៊ូដង់ លោក អូម៉ា អាល់បាស៊ី (Omar al-Bashir) បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងដើម្បីចូលរួមកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក។ កាលនោះ អាហ្វ្រិកខាងត្បូងបានបដិសេធមិនព្រមចាប់ខ្លួនប្រធានាធិបតីស៊ូដង់ បើទោះជាមេដឹកនាំរូបនោះត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្រ្គាមក៏ដោយ។
យ៉ាងណាក៏ដោយ ការសម្រេចដកខ្លួនចេញនៅតែមានភាពចម្រូងចម្រាស ដោយតុលាការអាហ្វ្រិកខាងត្បូងអះអាងថា ការដកសមាជិកភាពចេញបែបនេះគឺជារឿងដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។ កាលពីដើមឆ្នាំ២០២៣នេះ អាហ្វ្រិកខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី និងចិន ដែលបង្កឱ្យមានការរិះគន់ថា វាគឺជាភស្តុតាងមួយនៃការបញ្ជាក់ពីភាពលំអៀងរបស់អាហ្វ្រិកខាងត្បូងទៅកាន់វិមានក្រឹមឡាំងកាន់តែខ្លាំង៕ ប្រែសម្រួល៖ ធា សុណា