ក្រសួងសេដ្ឋកិច្ច ចុះអនុស្សរណៈ ជាមួយធនាគារ អេប៊ីអេ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (អេប៊ីអេ,ABA) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា»និងការប្រគល់វិញ្ញាបនបត្រសមាជិកភាពថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)ចំនួន ១៤ មកពីវិស័យឯកជន។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ ក្រោមវត្តមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងភាគីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្រោយពិធីចុះហត្ថលេខា ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍និងការបណ្តុះបណ្តាល។ ឯកឧត្តមបន្តថា មួយវិញទៀតការចុះហត្ថលេខានេះ ក៏ក្នុងគោលបំណងចូលរួមប្រើប្រាស់ថ្នាលឌីជីថលគន្លឹះ និងការគាំទ្រនូវសកម្មភាព និងកម្មវិធីផ្សេងទៀត ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សម្រាប់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
ឯកឧត្តម គង់ ម៉ារី បានថ្លែងថា ៖ «កិច្ចសហការបែបនេះ នឹងបង្កើតជាគំរូនៃសហថាមពល និងសហបង្កើតថ្មី រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងធ្វើឱ្យមានការបង្កើតនូវសេវា និងផលិតផលថ្មីៗ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍»។
នាពិធីនោះដែរ លោក Askhat Azhikhanov នាយកប្រតិបត្តិ នៃធនាគារ អេប៊ីអេ ក៏បានថ្លែងឡើងដែរថា លោករីករាយ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ធនាគារ អេប៊ីអេ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្ថែមកិច្ចសហការរបស់ឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា។
លោកបន្តថា ៖ «ក្នុងនាមជា ធនាគារនាំមុខគេ ក្នុងការផ្តល់សេវាធនាគារបែបទំនើប ABA មានកិតិ្តយសក្នុងកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្ពោះទៅគោលដៅរួម គឺការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនវានុវត្ត ពេញដោយប្រសិទ្ធភាពក្នុងប្រទេស»។
បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះហើយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានប្រគល់នូវវិញ្ញាបនបត្រសមាជិកភាពថ្នាលផ្លាស់ប្តូរទិន្នន័យ CamDX ជូនដល់សមាជិក ចំនួន១៤នាក់ មកពីវិស័យឯកជន។
នាពេលនោះដែរ លោក គង់ ម៉ារី បានពន្យល់ថា ថ្នាល CamDX គឺជាថ្នាលគន្លឹះ ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរពីប្រព័ន្ធបច្ចេកវិទ្យាមួយទៅប្រព័ន្ធបច្ចេកវិទ្យាមួយទៀត ដែលក្នុងន័យនេះ ថ្នាល CamDX ជាការចាប់ផ្តើមដំបូងនៃការប្រើប្រាស់របស់រាជដ្ឋាភិបាល ក្នុងការជួយដល់ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា៕