ក្រសួងកសិកម្ម ណែនាំមន្រ្តីនិងប្រជាកសិករ ត្រៀមបង្ការនិងឆ្លើយតបទៅការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ប្រជាកសិករ មន្ទីរ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងៗត្រៀមបង្ការជាមុនពាក់ព័ន្ធការដាំដុះ និងការចិញ្ចឹមសត្វផ្សេងៗ ខណៈការប្រែប្រួលអាកាសធាតុនឹងមានកម្តៅខ្លាំងនៅប៉ុន្មានខែខាងមុខនេះនឹងបង្កផលប៉ះពាល់ដល់អនុវិស័យកសិកម្មនិងអនុវិស័យជលផល ។
ការណែនាំនេះធ្វើឡើងដោយយោងតាមសេចក្តីជូនដំណឹង ស្ដីពីការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយមនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅសប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើង ហើយអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។
ពាក់ព័ន្ធការព្យាករនេះ ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា៖«ស្ថានភាពបែបនេះអាចបង្កផលប៉ះពាល់ដល់ផលិតកម្មដំណាំកសិកម្ម»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី ២៦ខែមេសា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការត្រៀមបង្ការនិងឆ្លើយតប ក្រសួងកសិកម្ម សូមជូនដំណឹងដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមអនុវិស័យរួមមាន អនុវិស័យកសិកម្ម អនុវិស័យជលផល និងអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ។
ក្រសួងបន្តថា ចំណោះ អនុវិស័យកសិកម្ម គឺកសិករត្រូវត្រៀមបង្ការនិងឆ្លើយតប តាមរយៈការលើកទប់និងថែទាំភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សាទឹកទុក ព្រមទាំងរៀបចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា(ប្រភេទពូជស្រូវស្រាល)កសិករមិនគួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត។ ដោយឡែក តំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ កសិករគួរប្រញាប់ប្រញាល់ដាំដុះនៅចុងខែមេសា ឬដើមខែឧសភានេះ ដើម្បីអាចប្រមូលផលស្រូវនៅចុងខែកក្កដា ឬខែសីហា។ សម្រាប់តំបន់ដាំដុះស្រូវអាស្រ័យទឹកភ្លៀង កសិករគួររូតរះភ្ជួរដាស់ដី ដើម្បីត្រៀមដាំដុះក្នុងខែមិថុនា ឬខែកក្កដា ដោយប្រើប្រាស់ប្រភេទពូជស្រូវកណ្តាលប្រកាន់រដូវ ដូចជា ពូជស្រូវផ្ការំដួល និងប្រភេទពូជស្រូវផ្សេងៗទៀត ដែលនឹងត្រូវប្រមូលផលក្នុងខែវិច្ឆិកា។
ប្រភពដដែលបន្តថា កសិករដែលដាំដុះដំណាំបន្លែ គួរប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ប្រក់សំណាញ់ ដើម្បីទប់កម្តៅ និងប្រើសារធាតុគម្របដីពីចំបើង ឬកាកសំណល់ដំណាំស្ងួត ឬគម្របប្លាស្ទិក ដើម្បីរក្សាសំណើមដីឱ្យបានយូរ»។ រីឯកសិករដែលស្ថិតនៅតំបន់ឆ្ងាយពីប្រភពទឹក ដូចជា ទន្លេ ស្ទឹង បឹង ឬអាងទឹក ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុកឱ្យបានច្រើននៅក្នុងត្រពាំង ឬអាងស្ដុកទឹកនៅតាមគ្រួសារ ឬសហគមន៍សម្រាប់ទុកស្រោចស្រពក្នុងពេលរាំងស្ងួត។
ក្រសួងណែនាំបន្តថា ចំពោះអនុវិស័យជលផល ដោយសារធាតុអាកាសនៅចន្លោះខែមេសាដល់ខែ
មិថុនាមានសភាពក្ដៅខ្លាំង ជាហេតុធ្វើឱ្យទឹកក្នុងស្រះរាក់ ដូច្នេះត្រីក្នុងស្រះងាយងាប់ដោយសារពុលនិងខ្វះអុកស៊ីសែន ដែលទាមទារឱ្យមានការបញ្ចូលទឹកបន្ថែម ឬធ្វើទឹកក្នុងស្រះឱ្យមានចលនា ដើម្បីបង្កើនអុកស៊ីសែន។ ប្រភពដដែលបន្តថា អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ដោយសារភាពរាំងស្ងួតអាចបណ្តាលឱ្យសត្វខ្វះចំណីនិងទឹក ភាពធន់ទៅនឹងជំងឺថយចុះ។ ចំណែកការឆ្លង ជំងឺមានហានិភ័យខ្ពស់ ជាពិសេសបក្សី ដូច្នេះសូមយកចិត្តទុកដាក់ថែទាំសត្វឱ្យបានល្អ ដោយផ្តល់ទីជម្រក ផ្តល់ទឹកនិងចំណី និងចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបងលោក ឈឹម វជិរា បានថ្លែងថា ពាក់ព័ន្ធបញ្ហានេះលោកបានចាត់ចែងមន្រ្តីទាំងអស់ដែលពាក់ព័ន្ធទៅតាមវិស័យនិមួយៗ ដើម្បីឃ្លាំមើលជាប្រចាំ ជាពិសេសការិយាល័យកសិកម្មទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងករណីកន្លែងណាដែលមានបញ្ហានឹងធ្វើការអន្តរាគមន៍ឆ្លើយតបទៅតាមកាលៈទេសៈនិងលទ្ធភាព។ លោកថ្លែងថា៖«នៅពេលនេះកសិករមិនទាន់ជួបបញ្ហាអ្វីនោះទេ គាត់ភ្ជួរស្រែធម្មតា ហើយតាមតំបន់ដែលមានអាងស្តុកទឹកធំៗយើងក៏បានណែនាំដល់អាជ្ញាធរស្រុកដើម្បីកាត់បន្ថយជាពិសេសការកំណត់ធ្វើស្រូវប្រាំង។ ឧទាហរណ៍បើដាក់៤០០ហិកតាតំបន់នោះត្រូវធ្វើតែប៉ុណ្ណឹង អត់ឱ្យធ្វើលើសទេ ព្រោះវាអាចប្រឈមខ្វះទឹក ហើយទឹកនោះមិនមែនសម្រាប់តែបម្រើវិស័យកសិកម្មទេ អាចបម្រើការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ និងសត្វគោ ក្របី។ល។
លោកបន្ថែមថា អាជ្ញាធរក៏បានធ្វើការផ្សព្វផ្សាយដល់តំបន់ដែលប្រឈមខ្លាំង រួមមាន ស្រុកគាស់ក្រឡ និងស្រុករុក្ខគីរី ជាកន្លែងដែលមានការចិញ្ចឹមសត្វ ឱ្យគាត់សន្សំសំចៃទឹក ដើម្បីត្រៀមបង្ការជាមុន។ ដោយ៖ សុខ រក្សា