លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យគ្រប់គ្រងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបរទេសនៅរុស្ស៊ីចំនួនពីរ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលគ្រប់គ្រងជាបណ្ដោះអាសន្នលើក្រុមហ៊ុនបុត្រសម្ព័ន្ធរុស្ស៊ីនៃក្រុមហ៊ុនថាមពលបរទេសចំនួនពីរ។ជំហាននេះ ត្រូវបានគេមើលឃើញថាជាសញ្ញាដែលថាក្រុងមូស្គូអាចចាត់វិធានការស្រដៀងគ្នាចំពោះក្រុមហ៊ុនអន្តរជាតិផ្សេងទៀត ដែលដំណើរការក្នុងប្រទេសរុស្ស៊ី។

ក្រឹត្យចុងក្រោយរបស់លោក ពូទីន ដែលបង្ហាញពីលទ្ធភាពនៃការសងសឹកដែលអាចកើតមាន ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅបរទេសត្រូវបានរឹបអូស បានកំណត់លើក្រុមហ៊ុនថាមពល Uniper របស់អាល្លឺម៉ង់ និងក្រុមហ៊ុនថាមពល Fortum Oyj របស់ប្រទេសហ្វាំងឡង់។

ក្រឹត្យដដែលនិយាយថា រុស្ស៊ីចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីឆ្លើយតបចំពោះសកម្មភាពមិនជាក់លាក់ពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលជាប្រទេស «អមិត្ត» និងធ្វើសកម្មភាព «ផ្ទុយនឹងច្បាប់អន្តរជាតិ»។

គួររំលឹកថា កាលពីខែតុលា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា សហភាពអឺរ៉ុបកំពុងសម្លឹងមើលការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលប្លុកបង្កកដើម្បីជាការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូចំពោះការឈ្លានពានអ៊ុយក្រែន ដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញ។ ជាមួយគ្នានេះ គេក៏ឃើញមានការទាមទារពីសហគមន៍អន្តរជាតិ ឱ្យរុស្ស៊ីធ្វើការសងសំណងដល់ការខូតខាតដោយសង្រ្គាមដែលកំពុងបន្ត។

មួយថ្ងៃមុនលោក ពូទីន ចុះហត្ថលេខាលើក្រឹត្យចុងក្រោយ នាយកប្រតិបត្តិនៃធនាគាររដ្ឋរុស្ស៊ី VTB PAO បាននិយាយថា ទីក្រុងមូស្គូគួរតែពិចារណាលើការកាន់កាប់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបរទេសនៅក្នុងប្រទេសរុស្ស៊ី ដូចជាក្រុមហ៊ុន Fortum Oyj ហើយប្រគល់ទៅពួកគេវិញនៅពេលទណ្ឌកម្មចំពោះការឈ្លានពានអ៊ុយក្រែនត្រូវដកចេញ។

បើតាមក្រឹត្យ ភាគហ៊ុនរបស់ក្រុមហ៊ុន Uniper និង Fortum Oyj ត្រូវដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់ទីភ្នាក់ងារសហព័ន្ធសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Rosimushchestvo)។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ទីភ្នាក់ងារ Rosimushchestvo បាននិយាយថា ក្រុមហ៊ុនបរទេសជាច្រើនទៀត អាចយកទ្រព្យសម្បត្តិរបស់ខ្លួនដាក់ឱ្យនៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់រុស្ស៊ីបាន។

ទីភ្នាក់ងារបន្តថា៖ «ក្រឹត្យនេះ មិនពាក់ព័ន្ធនឹងបញ្ហាកម្មសិទ្ធិនោះទេ ហើយក៏មិនដកហូតកម្មសិទ្ធិរបស់ខ្លួនដែរ។ ការគ្រប់គ្រងខាងក្រៅ គឺជាលក្ខណៈបណ្ដោះអាសន្ន ហើយមានន័យថា ម្ចាស់ដើមលែងមានសិទ្ធិធ្វើការសម្រេចចិត្តក្នុងការគ្រប់គ្រងទៀតហើយ»។

ការគ្រប់គ្រងជាបណ្ដោះអាសន្ននៃក្រុមហ៊ុនបរទេសទាំងពីររបស់រុស្ស៊ី ប្រហែលជាមិនមែនជាអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ។ កន្លងមក ក្រុមហ៊ុន Fortum បានព្រមានម្ចាស់ភាគហ៊ុនរួចហើយថាមានហានិភ័យ ដែលទ្រព្យសកម្មនៅរុស្ស៊ីអាចត្រូវបានដកហូត។

ចំណែកឯក្រុមហ៊ុន Uniper ដែលមានភាគហ៊ុន ៨៣,៧៣ ភាគរយនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរុស្ស៊ី Unipro វិញ ក៏ដូច្នោះដែរ។ មុនរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ក្រុមហ៊ុននេះបានស្វែងរកការលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Unipro ប៉ុន្តែត្រូវបានអាជ្ញាធររុស្ស៊ីរារាំងដោយការមិនអនុម័តការលក់៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner