ក្រសួងកសិកម្ម និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមគ្នារៀបចំកម្មវិធីបរិច្ចាគឈាម
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់មន្ត្រីក្នុងក្រសួង ដើម្បីជួយសង្រ្គោះទៅដល់ជីវិតមនុស្ស។

កម្មវិធីផ្តល់ឈាមនេះ បានធ្វើឡើងនាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងមន្ដ្រីនៃក្រសួងប្រមាណជា៤០០នាក់ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»។

ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ៖ «ការបរិច្ចាគឈាមមានសារៈសំខាន់ណាស់ សម្រាប់សង្គ្រោះអាយុជីវិតមនុស្សជាតិ»។ឯកឧត្តមក៏បានថ្លែងលើកទឹកចិត្តដល់មន្ត្រីរាជការ និងជាពិសេសយុវជនដែលមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមដល់អ្នកត្រូវការឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សជាតិ។ បន្ថែមពីនេះលោករដ្ឋមន្រ្តីក៏បានស្នើទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម គួរផ្តល់មេដាយសម្រាប់អ្នកផ្តល់ឈាមចាប់ពី៥ដងឡើងទៅ និងត្រូវមានការយកចិត្តទុកដាក់ពីវិស័យឯកជនផងដែរ។

លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែមេសា ថា ការរៀបចំកម្មវីធីបរិច្ចាគឈាមនៅក្រសួងកសិកម្មនេះ ដើម្បីបង្កើតទម្លាប់វប្បធម៌នៃការបរិច្ឆាគឈាមដោយស្ម័គ្រចិត្ត ពិសេសឲ្យយុវជន ប្រជាជនកម្ពុជាទូទៅមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមិនគិតកម្រៃ និងមានទម្លាប់ក្នុងការចូលរួមបរិច្ឆាគ។
លោកថ្លែងថា ៖ «ការបរិច្ចាគឈាម មានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែអាចជួយសង្គ្រោះអ្នកជំងឺនៅតាមន្ទីរពេទ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលល្អសម្រាប់សុខភាពចំពោះអ្នកដែលផ្ដល់ឈាមផងដែរ»។ ចំពោះឈាមដែលទទួលបានពីអ្នកដែលបានបរិច្ឆាគដោយស្ម័គ្រចិត្ត នឹងយកទៅប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ស្ដ្រីដែលសម្រាលកូន អ្នកដែលគ្រោះថ្នាក់ចរាចរណ៍ និងអ្នកដែលមានជំងឺប្រចាំកាយតាំងពីកំណើតមក ហើ យលើសពីនេះ ក៏សម្រាប់ប្រើប្រាស់ទុកព្យាបាលជំងឺមហារីកផ្សេងៗទៀតផងដែរ។ នេះបើតាមលោក សុខ ប៉ូ។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបញ្ជាក់ដែរថា គិតមកដល់ពេលនេះ កម្មវិធីផ្ដល់ឈាមដែលធ្វើឡើងនៅក្រសួងកសិកម្ម មានមន្ត្រីក្នុងក្រសួងបានចូលរួមបរិច្ចាគសរុបជាង ២០០ ប្លោកហើយ ហើយយើងនៅបន្តរហូតទៅដល់ល្ងាចនេះទៀត ប៉ុន្តែខ្ញុំសង្ឃឹមថា មិនតិចទេ យ៉ាងហោចណាស់ក៏ទទួលបានជាង ៣០០ប្លោកដែរ»។
លោកក៏បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយសារការបរិច្ចាគនេះមិនត្រឹមតែជួយខ្លួនឯងប៉ុណ្ណោះទេ តែបានចូលរួមជួយទៅដល់សង្គម និងសកម្មភាពមនុស្សធម៌ល្អផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានទទួលការបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីបណ្ដាស្ថាប័នរដ្ឋ វិស័យឯកជន ប្រជាពលរដ្ឋ និងយុវជន ចន្លោះពី៧ពាន់ ទៅ ៨ពាន់ប្លោក។
សូមជម្រាបជូនដែរថា នៅក្នុងឆ្នាំ ២០២២ កម្ពុជាត្រូវការឈាមមួយប្លោកជួយសង្គ្រោះជីវិតរៀងរាល់ ៦នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបជាង ២៥០ ប្លោកនៅរាជធានីភ្នំពេញ និង ១០ម៉ឺនប្លោក នៅទូទាំងប្រទេស។
យោងទៅតាមទិន្នន័យអង្គការសុខភាពពិភពលោក ការទទួលឈាមតាមរយៈមនុស្សធម៌ដោយមិនគិតកម្រៃ ឆ្លើយតបប្រហែល ១០% នៃប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមស័្មគ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ៕ ដោយ៖ ជា សុខនី