រដ្ឋមន្រ្តីទេសចរណ៍៖ កំណើនទេសចរនឹងវិលត្រលប់មកដូចមុនពេលកូវីដ១៩ នៅដើមឆ្នាំ២០២៦ ខាងមុខ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឍខេត្តព្រះសីហនុ ដែលសហការរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា តាមរយៈកំណើនភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ នាមួយរយៈពេលចុងក្រោយនេះ ពិសេសអំឡុងពេលចូលឆ្នាំថ្មីកន្លងទៅ នឹងជំរុញឱ្យកំណើនទេសចរដូចមុនពេលការរាតត្បាយនៃមេរោគកូវីដ១៩ នៅត្រឹមចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តមបានបន្ថែមថា ទាក់ទងនឹងវិស័យទេសចរណ៍នេះ នៅក្នុងពេលកូវីដ១៩ ក្រសួងបានរៀបចំផែនទីចង្អុលបង្ហាញផ្លូវ ដោយផែនទីនោះបានព្យាករណ៍ថា នៅក្រោយពេលដែលកូវីដបានធូរស្រាល ទេសចរក្នុងស្រុកនឹងកើនឡើងក្នុងទម្រង់អក្សរV (ឡើងលឿន ក្នុងទម្រង់ភ្លាមៗ) និងទេសចរណ៍បរទេសកើនឡើងក្នុងទម្រង់អក្សរ “យូ”(U)។

«ដូចនេះតាមសភាពការជាក់ស្តែងនេះ វាត្រូវទៅតាមផែនទីចង្អុលបង្ហាញផ្លូវដែលបានរៀបចំទុក ព្រោះយើងសង្កេតឃើញថា ទេសចរក្នុងស្រុកចេញដើរកំសាន្តច្រើនណាស់ ដោយកាលពីឆ្នាំ២០២២ ភ្ញៀវក្នុងស្រុកចេញដើរជាង១៣លាននាក់ ខណៈដែលផែនទីចង្អុលបង្ហាញផ្លូវប៉ាន់ស្មានថា២០២៣ ទើបាន១៣លាន ហើយ២០២៣នេះគ្រាន់តែអង្គរសង្រ្កាន្តមួយ និងការចេញដើររបស់ពលរដ្ឋពេលចូលឆ្នាំមានចំនួន១៣លាននាក់ទៅហើយ»។ ឯកឧត្តម ថោង ខុន បានបញ្ជាក់បន្ថែម។

ឯកឧត្តមបញ្ជាក់ទៀតថា ៖ «ទេសចរក្នុងស្រុកឆ្លើយតបទៅនឹងផែនទីចង្អុលបង្ហាញផ្លូវរបស់យើង។ ឯទេសចរអន្តរជាតិ ក៏មិនខុសពីផែនទីចង្អុលបង្ហាញផ្លូវដែរ។ យើងព្យាករណ៍ថា មិនយូរទេអាចនឹងត្រលប់មកដូចមុនពេលកូវីដ១៩វិញ មិនយូរទេនៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ព្រោះថាឆ្នាំទៅយើងបាន ២,២ លាននាក់។ តែឆ្នាំនេះ គ្រាន់តែត្រីមាសទី១ យើងបាន១,២លាននាក់ទៅហើយ ចឹងនៅសល់៣ត្រីមាសទៀត លទ្ធភាពដែលយើងចាប់យកបានគឺបួនលាននាក់ គឺយើងអាចទៅរួច»។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងដែរថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងរយៈពេលចុងក្រោយនេះ បានបង្ហាញពីភាពវិជ្ជមានយ៉ាងខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា ដែលអាចនឹងងងើបមកដូចដើមវិញនៅក្នុងរយៈពេលពីរទៅបីឆ្នាំទៀត។

លោកបានប្រាប់ថា ៖ «ក្នុងនាមយើងនៅវិស័យឯកជន ផ្នែកទេសចរណ៍ យើងសាទរយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីៗ ដែលជំរុញឱ្យមានកំណើនទេសចរយ៉ាងឆាប់រហ័ស បន្ទាប់ពីយើងចាប់ផ្តើមប្រទេសឡើងវិញ។ ការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងទេសចរណ៍ ទាំងវិស័យឯកជន និងប្រជាជនកម្ពុជា ទាំងអស់គ្នា សុទ្ធតែមានតួនាទីក្នុងការជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់យើង ដើម្បីទាក់ទាញទេសចរអន្តរជាតិឡើងវិញ»។

យោងតាមរបាយការណ៍ពីក្រសួងទែសចរណ៍ បានឱ្យដឹងថា មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣មានភ្ញៀវទេសចរចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៣៥,៧៦៥នាក់។

ក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួនភ្ញៀវច្រើននេះ គឺដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ពីបញ្ចប់កម្មវិធីចូលឆ្នាំ។ ជាមួយគ្នានេះដែរ ក្នុងរយៈពេលសប្តាហ៍កន្លងមក ជាចំនួនច្រើនមួយធៀបនឹងសប្តាហ៍ធម្មតាដែលភ្ញៀវទេសចរមានចំនួនជាមធ្យមចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេលចូលឆ្នាំបីថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់៕ ដោយ៖ វណ្ណ សុជាតា

ads banner