ចិន ថាអ្នកបោះពុម្ពសៀវភៅតៃវ៉ាន់ស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធសន្តិសុខជាតិ
ប៉េកាំង៖អាជ្ញាធរចិនបាននិយាយនៅថ្ងៃពុធ ទី២៦ ខែមេសានេះថា អ្នកបោះពុម្ពសៀវភៅតៃវ៉ាន់លោក លី យ៉ានហឺ (Li Yanhe) កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ដោយជាប់សង្ស័យពីឧក្រិដ្ឋកម្មសន្តិសុខជាតិ។ ការបញ្ជាក់របស់អាជ្ញាធរចិនអំពីការឃុំខ្លួនលោក លី បានបិទបញ្ចប់ការសង្ស័យជាច្រើនថ្ងៃអំពីកន្លែងលាក់ខ្លួនរបស់អ្នកបោះពុម្ពសៀវភៅតៃវ៉ាន់រូបនេះ។
លោក លី យ៉ានហឺ ដែលប្រើឈ្មោះ ហ្វូឆា (Fucha) ក្នុងសៀវភៅ បានបោះពុម្ពសៀវភៅរិះគន់ទីក្រុងប៉េកាំង។ តៃវ៉ាន់ បានរិះគន់ចំពោះការចាប់ខ្លួនពលរដ្ឋតៃវ៉ាន់ដោយបំពានរបស់ចិននេះថាជាការរំលោភបំពានសិទ្ធិមនុស្ស។ អ្នកនិពន្ធ និងសកម្មជនរាប់សិបនាក់ផ្សេងទៀតក៏បានអំពាវនាវផងដែរឱ្យចិនដោះលែងលោក លី។
ក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសតៃវ៉ាន់ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានអំពាវនាវចិនឱ្យគោរពសេរីភាពសារព័ត៌មានដែលមាននៅក្នុងរដ្ឋធម្មនុញ្ញរបស់តៃវ៉ាន់ និងដោះលែងអ្នកសារព័ត៌មានដែលជាប់ពន្ធនាគារដោយអយុត្តិធម៌ទាំងអស់។
ករណីចាប់ខ្លួនលោក លី ត្រូវបានគេប្រៀបធៀបទៅនឹងការបាត់ខ្លួនរបស់អ្នកលក់សៀវភៅហុងកុង ៥ រូបនៅក្នុងឆ្នាំ ២០១៥។ អ្នកលក់សៀវភៅហុងកុងទាំងនោះ សុទ្ធតែធ្លាប់ធ្វើការនៅហាងដែលល្បីលក់ស្នាដៃរិះគន់ប្រទេសចិន។
នៅទីបំផុត ពួកគេត្រូវបានស្ថិតក្នុងក្រោមការឃុំឃាំងរបស់អាជ្ញាធរចិនដីគោក ខណៈដែលមានការស៊ើបអង្កេតលើអាជីវកម្មបោះពុម្ពផ្សាយរបស់ពួកគេ។
ចំណែក លោក លី ដែលជាអ្នកបោះពុម្ពផ្សាយសៀវភៅជនជាតិតៃវ៉ាន់វិញ លោកត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនក្នុងអំឡុងពេលទៅលេងបងប្អូននៅទីក្រុងសៀងហៃកាលពីខែមុន។ ការបញ្ជាក់អំពីការចាប់ខ្លួនលោក លី ពីសំណាក់អាជ្ញាធរចិនបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំងនិយាយថានឹងកាត់ទោសស្ថាបនិកនៃគណបក្សមួយដែលមាននិន្នាការគាំទ្រឯករាជ្យតៃវ៉ាន់ក្រោមការចោទប្រកាន់ពីបទអបគមន៍៕ ដោយ៖ គីម លីលីយ៉ា