រដ្ឋមន្រ្តីក្រសួងការងារ ៖ ការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានជួយដល់កម្មករនិយោជិតកាន់តែប្រសើរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ តំបន់ សេដ្ឋកិច្ច ពិសេស ក្រុងព្រះសីហនុ ដែលរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិតកាន់តែប្រសើរ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាយ៉ាងសំខាន់ណាស់ដែរ។

ឯកឧត្តមរដ្ឋមន្ត្រី កោតសរសើរបែបនេះ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាមួយគ្នានេះប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននាំយកដំណឹងល្អៗជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង ថា នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានគោរពអញ្ជើញសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រសំបកកង់រថយន្ត ដែលមានឈ្មោះថា ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក។ តំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុរូបនេះក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ចូលរួមក្នុងកម្មវិធីនេះផងដែរ ។

លោក ចិន ជានកាង បន្តថា កន្លងមកនេះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន បានបង្ហាញសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន ។

ដំណឹងល្អមួយទៀត គឺរោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង ធ្លាប់បានទៅទស្សនកិច្ចនៅទីក្រុងវូស៊ីកន្លងទៅនោះ បច្ចុប្បន្ននេះ បានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ តាមសំណើ និងការទាក់ទាញរបស់ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង។ ការវិនិយោគនេះគឺជាគម្រោងធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុននេះបានបណ្តាក់ទុនវិនិយោគចំនួន ៣០០លានដុល្លារ។ ចំពោះដំណឹងដ៏ល្អនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្ដែងនូវការសប្បាយរីករាយ និងស្វាគមន៍ចំពោះវត្តមានរោងចក្រនេះនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានស្នើតាមរយៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីឱ្យវិទ្យាស្ថានមិត្តភាពកម្ពុជា-ចិនបង្កើនការវិនិយោគបន្ថែមទៅលើការបណ្ដុះបណ្ដាល ពិសេសសម្ភារៈ គ្រូបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត ឆ្លើយតបនឹងតម្រូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner