លោក Biden គំរាមកំហែងកូរ៉េខាងជើង ពីការបញ្ចប់របបលោក គីម ជុងអ៊ុន

វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីអាមេរិកបានព្រមានថា ការវាយប្រហារនុយក្លេអ៊ែរ ដោយក្រុងព្យុងយ៉ាង នឹងនាំឲ្យមានការបញ្ចប់របបលោក គីម ជុងអ៊ុន។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាស កាលពីថ្ងៃពុធ សប្តាហ៍នេះថា ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅលើប្រទេសរបស់លោក ឬ កូរ៉េខាងត្បូងនឹងធ្វើឱ្យទីក្រុងព្យុងយ៉ាងខ្លួនឯង មានសេចក្តីវិនាស។

លោកប្រធានាធិបតីបានថ្លែងដូច្នេះ ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន ជាមួយសមភាគីកូរ៉េខាងត្បូង នៅរដ្ឋធានីវ៉ាស៊ីងតោន ឌីស៊ី។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយោល (Yoon Suk-yeol) បានបន្ថែមថា ក្រោមកិច្ចព្រមព្រៀងថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល សហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងការវាយប្រហារបែបនេះដោយអាវុធនុយក្លេអ៊ែរ។

លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត ឬដៃគូរបស់ខ្លួនគឺមិនអាចទទួលយកបាន ហើយនឹងនាំឱ្យរបបណាមួយត្រូវចាត់វិធានការបែបនេះ” ។

ថ្លែងជាមួយលោក Biden លោក យូន បានប្រកាសដែរថា “សន្តិភាពប្រកបដោយនិរន្តរភាពនៅលើឧបទ្វីបកូរ៉េមិនកើតឡើងដោយស្វ័យប្រវត្តិទេ”៕ ប្រភពពី RT ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner