រយៈពេល៤ថ្ងៃ៖ គណបក្សចំនួន៨ បានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
ភ្នំពេញ៖ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន៨ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ប្រាប់ AMS នៅល្ងាចថ្ងៃទី២៧ ខែមេសានេះថា នៅថ្ងៃទី៤ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ១ គឺគណបក្សខ្មែរអភិរក្ស បានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា សម្រាប់រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ គឺមានគណបក្សចំនួន៨ ដែលបានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។ គណបក្សនយោបាយទាំង៨ មានដូចជា៖
១.គណបក្សប្រជាជនកម្ពុជា
២.គណបក្សខ្មែររួមរួមជាតិ
៣.គណបក្សយុវជនកម្ពុជា
៤.គណបក្សធម្មាធិបតេយ្យ
៥.គណបក្សកម្លាំងប្រជាធិបតេយ្យ
៦.គណបក្សសញ្ជាតិកម្ពុជា
៧.គណបក្សខ្មែរតែមួយ
៨.គណបក្ស ខ្មែរអភិរក្ស
ឯកឧត្តម សោម សូរីដា បានបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
សូមជម្រាបថា គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីទទួលបានពាក្យស្នើសុំ៕
ដោយ៖ពលជ័យ