អ៊ុយក្រែនបានទទួលរថពាសដែក ១៥៥០ គ្រឿង និងរថក្រោះ ២៣០គ្រឿង
ប្រ៊ុចសែល៖ អ៊ុយក្រែនបានទទួលរថពាសដែក ១៥៥០ គ្រឿង និងរថក្រោះ ២៣០គ្រឿង នេះបើតាមប្រធានអង្គការណាតូ។
ប្រធានអង្គការសម្ព័ន្ធយោធាអន្តរជាតិ «ណាតូ» លោក ជេនស៍ ស្តូលតេនបឺគ (Jens Stoltenberg) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា សម្ព័ន្ធមិត្ត និងដៃគូរបស់ណាតូបានផ្តល់ឱ្យអ៊ុយក្រែននូវរថពាសដែកចំនួន ១៥៥០ គ្រឿង និងរថក្រោះ ២៣០គ្រឿង ដើម្បីបង្កើតជាអង្គភាព និងជួយឱ្យប្រទេសនេះ ដណ្តើមយកទឹកដី ពីកងកម្លាំងរុស្ស៊ីមកវិញ។
លោក ស្តូលតេនបឺគ បានប្រាប់សន្និសីទសារព័ត៌មានមួយ នាទីក្រុង ប្រ៊ុចសែលប្រទេសប៊ែលហ្សិក ថា ការដឹកជញ្ជូននេះ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមកាលពីខែកុម្ភៈឆ្នាំមុន តំណាងឱ្យ “ជាង ៩៨ភាគរយនៃយានប្រយុទ្ធ ដែលបានសន្យា ដល់អ៊ុយក្រែន” ។
លោកបាននិយាយថា “សរុបមក យើងបានហ្វឹកហាត់ និងបំពាក់កងពលតូចរថពាសដែកថ្មីចំនួន ៩ របស់អ៊ុយក្រែន។ នេះនឹងធ្វើឱ្យអ៊ុយក្រែនស្ថិតក្នុងជំហររឹងមាំ ដើម្បីបន្តដណ្តើមយកទឹកដីដែលបានកាន់កាប់មកវិញ” ។
ប្រទេសសមាជិកណាតូក៏បានផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះ និងកាំភ្លើងធំផងដែរ ខណៈដែលប៉ូឡូញ និងសាធារណរដ្ឋឆែក បានផ្តល់យន្តហោះ MiG-29 ដែលផលិតដោយសូវៀត ខណៈដែលទាហានអ៊ុយក្រែនរាប់ពាន់នាក់ត្រូវបានហ្វឹកហ្វឺន លើការប្រើប្រាស់សម្ភារៈទាំងនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត