កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដែលនឹងបង្កើនឱកាសការងារ បង្កើនចំណូល និងបង្កើនកំណើនផលិតផលជាតិ ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ។ នេះបើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ។
សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានខ្លឹមសារសង្ខេបដូចខាងក្រោម៖ គោលបំណង- កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
- ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
- បង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារកាន់តែទូលំទូលាយ និងសេដ្ឋកិច្ចទំហំ។
- កាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងបង្កើតបរិយាកាសពាណិជ្ជកម្មដែលអាចព្យាករណ៍បាន។
- ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ដែលផ្ដល់ដោយកិច្ចព្រមព្រៀងនេះ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ។
- កាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាពតុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
អត្ថប្រយោជន៍ – កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នឹងផ្តល់នូវអត្ថប្រយោជន៍ដូចតទៅ៖
- ពង្រីកបន្ថែមនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មពាណិជ្ជកម្មសេវាកម្មអាស៊ានទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្មរបស់ប្រទេសសមាជិក។
- ទទួលបានលទ្ធភាព និងកាលានុវត្តភាពកាន់តែខ្លាំងក្នុងការទាក់ទាញវិនិយោគបរទេសមកវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើន ដែលជាកត្តាវិជ្ជមានក្នុងការបង្កើនឱកាសការងារនៅក្នុងប្រទេស បង្កើនចំណូល ហើយវាក៏ជាកត្តារួមចំណែកមួយដ៏សំខាន់ក្នុងការបង្កើនកំណើនផលិតផលជាតិសរុបផងដែរ។
- កម្ពុជាអាចនឹងបង្កើនថវិកាជាតិលើចំណូលសារពើពន្ធ តាមរយៈការប្រមូលពន្ធអាករកាន់តែច្រើនជាងមុន។
- កម្ពុជានឹងទទួលបាននូវការចែករំលែកបទពិសោធន៍ និងទទួលការជះឥទ្ធិពលវិជ្ជមានលើផ្នែកចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងបំណិនអាជីវកម្ម ក្នុងការពង្រឹងសក្តានុពលកំលាំងពលកម្មនិងសហគ្រិនភាពក្នុងស្រុក ។
- កម្ពុជា នឹងទទួលបាននូវជម្រើសជាច្រើនក្នុងការប្រើប្រាស់សេវាកម្ម ប្រកបដោយតម្លៃទាប និងការប្រកួតប្រជែងខ្ពស់៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។