ផ្លូវល្បឿនលឿនជាបន្តបន្ទាប់ជាច្រើនទៀតនៅកម្ពុជា ខណៈផ្លូវល្បឿនលឿនទី៣ សៀមរាប -ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភា
សៀមរាប៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភាឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបែបនេះ នៅក្នុងសន្និសីទស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីថែល ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងទៀតថា សម្រាប់កម្ពុជា ការអភិវឌ្ឍមានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។ នៅថ្ងៃទី០៧ ខែមិថុនាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -បាវិត ។នៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ផែកុងទីន័រថ្មីមួយទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលផែថ្មីនេះ គឺអាចឲ្យនាវាប្រមាណជា៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណៈពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ ១៨ភាគរយប៉ុណ្ណោះ ដែលអាចចូលចតបាន។
ឯកឧត្តម បានបញ្ជាក់ថា ជាមួយគ្នានេះ យើងក៏បានសិក្សាផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿនយឺត ឲ្យទៅជាផ្លូវរថយន្តភ្លើងមានល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែត ហើយពីភ្នំពេញទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។
ឯកឧត្តមបន្តថា នៅមានគម្រោងជាច្រើនទៀត ទាំងតូច ទាំងធំ ក្នុងនោះក៏មានគម្រោងផ្លូវល្បឿនលឿនទី៣ សៀមរាប ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តបន្ឬាប់ទៀតដែរ។
លោកបណ្ឌិត Young Tae Kim អគ្គលេខាធិកា ITF បានបង្ហាញថា វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) កំពុងដឹកនាំការងារទាក់ទងនឹងការដឹកជញ្ជូននៃ “កម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី” (SIPA) ដែលជាកម្មវិធីរយៈពេលបួនឆ្នាំ (២០២១-២៥) ដែលដឹកនាំដោយ OECD ដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត ការដឹកជញ្ជូន និងប្រព័ន្ធឧស្សាហកម្មនៅអាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍។
លោក បានបន្តទៀតថា SIPA មានបំណងរៀបចំការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ក្នុងអំឡុងពេលនៃការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាត Covid-19 ជាមួយនឹងគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ការរួមចំណែករបស់ ITF ដល់ SIPA ផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៅអាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ជាមួយនឹងការសិក្សាដែលគ្របដណ្តប់កម្រិតតំបន់ និងថ្នាក់ជាតិ យោងទៅលើថ្នាក់តំបន់ ITF នឹងវាយតម្លៃសមត្ថភាពនៃការដឹកជញ្ជូនទ្រង់ទ្រាយធំកម្មវិធីហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទាំងពីរដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់និងកាត់បន្ថយការចំណាយផ្នែកបរិស្ថាន។ គម្រោងនេះនឹងយកភាគហ៊ុននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបច្ចុប្បន្ន និងដែលបានគ្រោងទុកនៅក្នុងតំបន់ ហើយវាយតម្លៃផលប៉ះពាល់របស់ពួកគេតាមរយៈការវិភាគសេណារីយ៉ូ។ វាក៏នឹងណែនាំផងដែរនូវយុទ្ធសាស្រ្តក្នុងការផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគ ដើម្បីបិទគម្លាតហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់ណាមួយនោះ៕ ដោយ :ស៊ាន សុផាត