តុលាការខេត្តកំពត ឃុំខ្លួនអភិបាលរងក្រុងបូកគោ ដោយសារអំពើហិង្សាដាក់លើភរិយា (Video Inside)
អភិបាលរងក្រុងបូកគោ ដែលប្រើប្រាស់អំពើហិង្សាលើភរិយា ត្រូវបានតុលាការឃុំខ្លួនហើយ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។ ដីការបង្គាប់របស់តុលាការបានបញ្ជាក់ថា លោកអភិបាលរង ក្រុងបូកគោ គឹម បញ្ញា ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាក់ជន» ប្រព្រឹត្តនៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
លោក គឹម បញ្ញា ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត កោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រោយមានការបង្ហោះសាររបស់ប្រពន្ធថា លោកបានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ដោយវាយដំនៅលើប្រពន្ធរបស់ខ្លួន។
ស្ត្រីជាភរិយាឈ្មោះ ម៉ាត់ លក្ខិណា បានសរសេរក្នុងបណ្តាញសង្គមជាមួយការបង្ហាញរូបភាព និងវីដេអូដែលបុរសជាប្តីវាយធ្វើបាប បានបញ្ជាក់ថាចាប់តាំងពីការរស់នៅជាមួយគ្នាតាំងពីឆ្នាំ២០១៩មក នាងមិនដែលបានទទួលការស្រលាញ់ ប៉ុន្តែមានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត ដោយបុរសជាប្តីបានប្រើអំពើហិង្សាដាក់លើរូបនាងម្តងហើយម្តងទៀត បើទោះបីជាបុរសស្វាមីនោះ ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហិង្សា ដាក់លើរូបនាងទៀតក៏ដោយ។
ជាមួយនឹងការបង្ហោះរូបភាព និងការត្អូញត្អែរជុំវិញប្តីធ្វើបាបនោះ, ស្ត្រីជាភរិយាបានអំពាវនាវសូមឱ្យជួយរកយុត្តិធម៌ចំពោះរូបនាង លើករណីប្តីជាមន្ត្រីធ្វើបាបនេះផង។