មេបញ្ជាការសឹករងកំពង់ធំ ណែនាំកងកម្លាំង សហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ខាងមុខ

កំពង់ធំ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមេសា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ខែឧសភា ឆ្នាំ ២០២៣ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកោតសរសើរចំពោះមេបញ្ជាការកងឯកភាព ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិនគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយជោគជ័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ។

មេបញ្ជាការសឹករងកំពង់ធំ ក៏បានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខដ៏ខ្លីនេះ និងការចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមថា គ្រប់បណ្ដាកងឯកភាពដែលមានការពាក់ព័ន្ធត្រូវខិតខំសហការក្នុងការពារសន្តិសុខសុវត្ថិភាព ជូនភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសដែលបានអញ្ជើញមកចូលរួមក្នុងពិធីព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គែម លើកទី១២ នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែឧសភានេះផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner