ឆេះយាន្តដ្ឋានជួសជុលរថយន្តមួយកន្លែងក្នុងខណ្ឌសែនសុខ យ៉ាងសន្ធោសន្ធៅ
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះយាន្តដ្ឋានជួសជុលរថយន្ត យីហោ យូអិនអរ (UNR) មួយកន្លែងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង ១០ និង ២០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុច យាន្តដ្ឋាន ជួសជុលរថយន្ត យីហោ UNR តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងយាន្តដ្ឋានខាងលើ ត្រូវបានដាច់ភ្លើងចរន្តអគ្គីសនីបានប្រហែល១០នាទី ស្រាប់តែលឿសម្លេងផ្ទុះចេញពីខាងក្នុងផ្នែកខាងក្រោយនៅខាងក្នុងយាន្តដ្ឋាន បន្ទាប់មកស្រាប់តែលេចចេញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈបុគ្គលិកបម្រើក្នុងយាន្តដ្ឋាន បានយកបំពង់ពន្លត់អគ្គីភ័យ និងទុយោបាញ់ទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារស្ថានភាពឆាប់ឆេះខ្លាំងពេក ពួកគេបានរាយការណ៍ទៅកម្លាំងជំនាញ បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីយករថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាងជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
នៅក្នុងរង្វង់នៃប្រតិបត្តិការពន្លត់អគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានយករថយន្តបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦គ្រឿងបានទៅដល់ទីតាំងការហេតុ និងបានប្រើប្រាស់អស់ចំនួន ៤រថយន្តទើបអគ្គីភ័យរលត់ជាស្ថាពរ។

បន្ទាប់ពីអន្តរាគមន៍រលត់ជាស្ថាពរអគ្គីភ័យបានបំផ្លាញសម្ភារៈនៅខាងក្នុងយានដ្ឋានជួសជុលយន្ត និងបណ្ដាលឲ្យបុគ្គលិក២នាក់ ដែលបម្រើការនៅក្នុងយានដ្ឋាននេះ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំពោះមូលហេតុបណ្តាលឲ្យឆាបឆេះ កម្លាំងជំនាយកំពុងស៊ើបអង្កេតផងដែរ៕ដោយ៖ ភារ៉ា និងប៊ុនធី