ផ្ទុះការតវ៉ាជុំវិញពិភពលោក នៅថ្ងៃទិវាពលកម្មអន្តរជាតិ
ប៉ារីស៖ ក្រុមសហជីព និងគណបក្សឆ្វេងនិយមប្រមូលផ្តុំគ្នានៅទីក្រុង Buenos Aires ដើម្បីធ្វើការតវ៉ានៅថ្ងៃទិវាពលកម្មអន្តរជាតិ ខណៈដែលប្រទេសអាហ្សង់ទីនប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដែលបានឃើញអតិផរណាកើនឡើងដល់ជិត២២ភាគរយក្នុងរយៈពេលបីខែចុងក្រោយនេះ និងច្រើនជាង១០០ភាគរយកាលពីឆ្នាំមុន។
នៅប្រទេសម៉ិកស៊ិក ពលកររាប់រយនាក់បាននាំគ្នាដើរដង្ហែរតាមដងផ្លូវនៃទីក្រុងម៉ិកស៊ីកូ ដូចអ្វីដែលកើតឡើងនៅក្នុងប្រទេសបារាំងដែរ នោះគឺការតវ៉ានឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍។
ចំណែកនៅប្រទេសវ៉េណេស៊ុយអេឡា ក្រុមកម្មករ និងបុគ្គលិករដ្ឋបាលសាធារណៈសកម្ម និងចូលនិវត្តន៍ បានប្រមូលផ្តុំគ្នានៅទីក្រុងការ៉ាកាស ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួលរបស់ពួកគេ ដែលត្រូវបានទម្លាក់ដោយអតិផរណាដ៏ច្រើននៅថ្ងៃទិវាពលកម្មអន្តរជាតិ។រីឯនៅប្រទេសម៉ារ៉ុកវិញ សកម្មជនសហជីពរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Rabat នៅថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីសម្តែងការតវ៉ា ចំពេលដែលអតិផរណា និងតម្លៃស្បៀងអាហារកើនឡើងខ្លាំង។
ការតវ៉ានៅតាមបណ្តាប្រទេសទាំងនេះមិនមានអ្វីជាការកត់សម្គាល់នោះទេ លើកលែងតែនៅប្រទេសបារាំង បាតុកម្មប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អំឡុងទិវាពលកម្មអន្តរជាតិ បានប្រែក្លាយទៅជាអំពើហិង្សា ដោយបាតុករជិត៣០០នាក់ត្រូវចាប់ខ្លួន ហើយមន្ត្រីប៉ូលិសប្រមាណ ១០៨នាក់បានរងរបួស។
គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅទូទាំងប្រទេសបារាំង ស្របពេលដែលមនុស្សរាប់សែននាក់បានដើរតាមផ្លូវ ដើម្បីបញ្ចេញកំហឹងប្រឆាំងនឹងលោក ម៉ាក្រុង ដែលបានចុះហត្ថលេខាកាលពីខែមុន លើច្បាប់ដំឡើងអាយុចូលនិវត្តន៍ពី៦២ដល់៦៤ឆ្នាំ បើទោះបីជាមានកូដកម្មអស់រយៈពេលជាច្រើនខែមកហើយក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា