មេដឹកនាំជប៉ុន និងហ្គាណា រិះគន់ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន

អាក្រា៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្គាណា លោក ណាណា អាគូហ្វូ អាឌូ បានរិះគន់ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរនៅប្រទេសហ្គាណា។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានទៅដល់ប្រទេសហ្គាណា នៅថ្ងៃទី០១ ខែឧសភា ក្នុងជើងទីពីរនៃដំណើរទស្សនកិច្ចនៅទ្វីបអាហ្រ្វិក ហើយបានជួបជាមួយប្រធានាធិបតីហ្គាណា លោក ណាណា អាគូហ្វូ អាឌូ នៅរដ្ឋធានីអាក្រា។

ក្នុងអំឡុងកិច្ចប្រជុំរយៈពេលមួយម៉ោង លោក គីស៊ីដា និងលោក អាឌូ បានឯកភាពគ្នាលើសារៈសំខាន់នៃការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដែលសេរី និងបើកចំហ ដោយផ្អែកលើនីតិរដ្ឋ។

មេដឹកនាំទាំងពីរក៏បានធ្វើកិច្ចព្រមព្រៀងធ្វើការងាររួមគ្នា ដើម្បីបន្តធ្វើកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ និងបានយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាជម្លោះនៅស៊ូដង់ ដែលការប៉ះទង្គិចគ្នាដោយយោធានៅតែបន្ត។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចពិភាក្សាខាងលើនេះ លោក គីស៊ីដា បាននិយាយថា ហ្គាណាគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅអាហ្វ្រិកខាងលិច និងជាដៃគូដ៏សំខាន់ ដែលចែករំលែកតម្លៃ និងគោលការណ៍ជាមូលដ្ឋានជាមួយប្រទេសជប៉ុន រួមទាំងនីតិរដ្ឋផងដែរ។

ជាមួយគ្នានេះ លោក គីស៊ីដា បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ នឹងក្លាយជាកត្តាជំរុញសម្រាប់ប្រទេសនានា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងធនធានមនុស្ស៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner