ស្ថានភាពធាតុអាកាស អាចនិងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣-៩ ខែឧសភា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន ហើយបន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C * ចាប់ពីថ្ងៃទី៣-៧ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ * បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C * ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ * បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយ ក្នុងបរិមាណពីតិចទៅបង្ហូរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C * ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ * បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើង ក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង ជាយថាហេតុ៕ដោយ ៖ ភារ៉ា និងប៊ុនធី