សម្តេចតេជោ ហ៊ុន សែន៖ ព្រះពុទ្ធសាសនាគឺជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាព ក៏ដូចជាការចូលរួមស្ថាបនា ក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌
ភ្នំពេញ៖ ក្នុងពិធីទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក និង សញ្ញា បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ពីព្រឹទ្ធសភាសិក្សានៃសាកលវិទ្យាល័យជាតិ ណេរី ប៉ាដាង (Nagari Padanu) នៃសាធារណរដ្ឋឥណ្ឌូនស៊ី នៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ នាព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព។
ក្នុងនាមជាប្រជាជាតិមួយ សម្តេចតេជោ បញ្ជាក់ថា កម្ពុជា បានប្រកាន់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា ។ សម្តេចមានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាង ជាតិឡើងវិញក្រោយជម្លោះ ក៏ដូចជាការចូលរួមស្ថាបនារបស់យើង ក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការកសាងសន្តិភាពក្នុងតំបន់ និងពិភពលោក ។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និង កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្ដុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្ស ជាតិទាំងមូល ។
ផ្អែកលើមូលដ្ឋាននេះ សម្ដេចនាយករដ្ឋមន្ត្រី សូមសម្ដែងនូវការគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរ ជំនឿបន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និង ភពផែនដីរបស់យើង និងកោតសរសើរចំពោះឥស្លាមសាសនា និងសាសនាផ្សេងទៀតដែលបាន រួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍ កម្ពុជារយៈពេលកន្លងមក និងបច្ចុប្បន្ននេះ ។
ស្របពេលជាមួយគ្នានេះ សម្ដេចតេជោ ក៏សូមសម្ដែងនូវការទទួលស្គាល់នូវកិច្ច ខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានការគាំទ្រពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការលើកកម្ពស់ច្រករបៀងវប្បធម៌ សាសនា និង អរិយធម៌ដែលតភ្ជាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ តំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ជាច្រើនផ្សេងទៀត ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ