សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា នឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំងអស់ នឹងបន្តទទួលបាននូវសេរីភាពខាងសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ ក្នុងពិធីទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក និង សញ្ញា បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ពីព្រឹទ្ធសភាសិក្សានៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង (Nagari Padanu) នៃសាធារណរដ្ឋឥណ្ឌូនស៊ី នៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ នាព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សារជាថ្មីថា កម្ពុជា នឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំងអស់ នឹងបន្តទទួលបាននូវសេរីភាពខាងសាសនា ដូចមានចែងក្នុង រដ្ឋធម្មនុញ្ញរបស់យើង ។
ជាមួយគ្នានេះ សម្ដេចតេជោ បានចែករំលែកនូវទស្សនៈមួយចំនួន មានដូចខាងក្រោម៖
ទី១-សូមលើកទឹកចិត្តឱ្យមានការអភិវឌ្ឍនូវ គំនិតផ្ដួចផ្ដើមជាច្រើនបន្ថែមទៀត ដែលផ្សារភ្ជាប់នូវ អរិយធម៌ព្រះពុទ្ធសាសនានៅជុំវិញពិភពលោកដើម្បី លើកកម្ពស់ការអប់រំការផ្សព្វផ្សាយ និងការបោះពុម្ព ផ្សាយពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដើម្បីឱ្យស្ថាប័ន- សិក្សា ធនាគារគំនិត (think tanks) វិទ្យាស្ថានពុទ្ធ សាសនិក ឬ សកលវិទ្យាល័យ អាចបញ្ចូលតម្លៃទាំង នេះទៅក្នុងកម្មវិធីអប់រំ និង ស្រាវជ្រាវ ។
ទី២-យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់ តែជិតស្និទ្ធថែមទៀត ក្នុងចំណោមប្រទេសដែលកាន់ ព្រះពុទ្ធសាសនាក្នុងតំបន់ទន្លេមេគង្គ និងលើពិភព លោកដើម្បីបណ្តុះតម្លៃ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលនាំទៅរកយុត្តិធម៌ សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និង ការរួមរស់ប្រកបដោយ សន្តិសហវិជ្ជមាននៃមនុស្សជាតិ ។
ទី៣-ឈរលើការប្តេជ្ញានៅក្នុងមហាសន្និបាតលើកទី៦ របស់ អង្គការពុទ្ធសាសនិកពិភពលោក ដែលប្រារព្ធឡើង នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៦១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ សម្ដេចតេជោ សូមអំពាវនាវដល់សហគមន៍ពុទ្ធសាសនិក ពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាម ការស្អប់ខ្ពើម អំពើហឹង្សា និង អំពើផ្សេងៗដែលបំផ្លាញ មនុស្សជាតិយើង ។
ទី៤-ជាមួយនឹងការគោរពចំពោះព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ យើងមិនត្រូវភ្លេចជាមួយនឹងការធ្វើ សុខុដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលមានវត្តមាននៅកម្ពុជា ពិសេស ឥស្លាមសាសនា និងគ្រឹស្តសាសនា ដែលនេះគឺជាចំណុចខ្លាំងរបស់កម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ន ។
នៅក្នុងឱកាសនេះ សម្ដេចនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យ អង្គការពុទ្ធសាសនិក ពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ពុទ្ធសាសនា កម្ពុជា និងអន្តរជាតិមកពីគ្រប់និកាយធ្វើការរួមគ្នាជាមួយអង្គការ យូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ដើម្បី លើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀតដើម្បីសម្រេចឱ្យ បាននូវគោលដៅរួមរបស់យើង គឺសន្តិភាព និងស្ថេរភាព ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ