គ្រូបង្វឹកបាល់ទាត់នារីថៃ៖កម្ពុជាស្វាគមន៍រាក់ទាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបានល្អ ទាំងកន្លែងហ្វឹកហាត់និងស្នាក់នៅសុទ្ធតែល្អ
ភ្នំពេញ៖ គ្រូបង្វឹកបាល់ទាត់នារីថៃមួយរូបដែលបានដឹកនាំក្រុមរបស់ខ្លួនមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជាបានប្រាប់បណ្តាញសារព័ត៌មានរបស់ខ្លួនមួយឈ្មោះថាថៃរ៉ាត់(Thairath)ថាក្រុមខ្លួនពេលមកដល់កម្ពុជាបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ និងក្រៅពីនេះទាំង កន្លែងស្នាក់នៅ និងកន្លែងហ្វឹកហាត់ល្អលើសអ្វីដែលខ្លួនបានគិតទៅទៀត។
បើយោងតាមកាសែតក្នុងស្រុករបស់ថៃមួយ មានឈ្មោះថៃរ៉ាត់ បានចុះផ្សាយតាមរយៈក្នុងបទសំភាសន៍ជាមួយគ្រូបង្វឹក កីឡាបាល់ទាត់ផ្នែកនារីរបស់ប្រទេសខ្លួនកាលពីថ្ងៃទី១ ខែ ឧសភាឆ្នាំ ២០២៣ថា ក្រុមបាល់ទាត់ជម្រើសជាតិនារីថៃបានចេញហ្វឹកហាត់សម្រាប់ត្រៀមការប្រកួតស៊ីហ្គេមលើកដំបូងកាលពីថ្ងៃទី១ ខែឧសភាកន្លងមកដើម្បីត្រៀមប្រកួតបើកឆាកលើកទី១ជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីនៃប្រទេសសិង្ហបុរី ។
ក្នុងការផ្តល់បទសំភាសន៍ជាមួយកាសែតក្នុងស្រុករបស់ខ្លួន គ្រូបង្វឹកបាល់ទាត់នារីថៃលោក ណាក់រិទ្ធផុន គែនសុន បានលើកឡើងថា”សម្រាប់ការមកដល់កម្ពុជា ក៏ខ្ញុំគិតថាខុសពីអ្វីដែលបានគិតកន្លងមក ព្រោះថាតាមអ្វីដែលខ្ញុំបានមកដល់ពេលនេះពុំមានអ្វីដែលលំបាកដូចដែលបានគិតកាលពីមុនទេ ។ គេស្វាគមន៍រាក់ទាក់យើងបានល្អ កន្លែងស្នាក់នៅក៏អូខេ ទីលានហ្វឹកហាត់ក៏មិនអន់និយាយរួមគឺល្អអាចប្រើបាន ។ បើគិតសរុបជារួមទៅគឺល្អតែម្តង ។ ខ្ញុំពុំបានគិតអ្វីច្រើនទេពេលនេះគឺនឹងខិតខំហ្វឹកហាត់ជាមួយក្មេងៗកីឡាដើម្បីឱ្យមានចិត្តស្ងប់ល្អចូលលរួមប្រកួតថ្ងៃខាងមុខនេះ ។ យើងសូមអរគុណកម្ពុជា” ។
យ៉ាងណាក្តីគ្រូបង្វឹកមានឈ្មោះបោះសម្លេងរូបនេះបានលើកឡើងថាការប្រកួតបាល់ទាត់នារីគេមិនអាចមើលរំលងបាល់ទាត់កម្ពុជាបានទេដោយសារនៅក្នុងប្រទេសអាស៊ានបច្ចុប្បន្នមានការរីកចម្រើនច្រើន។យ៉ាងណាក្តីថៃសង្ឃឹមថានឹងយកអាចលើកពាននាព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះបន្ទាប់ពីបាល់ទាត់នារីថៃបានខកខានលើកពានរយៈពេល កន្លងមក។
គួរបញ្ជាក់ថាចាប់ពី ថ្ងៃទី២៧ មេសា នេះ ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានមកដល់កម្ពុជា ជាបន្តបន្ទាប់ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
សម្រាប់ក្រុមជម្រើសជាតិបាល់ទាត់នារីថៃស្ថិតនៅក្នុងពូលBរួមមានកម្ពុជា សិង្ហបុរី និងឡាវ។នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ២០២៣នេះដែរក្រុមបាត់ទាត់នារីថៃនឹងត្រូវប៉ះជាមួយប្រទេសសិង្ហបុរីវេលាម៉ោង ៤រសៀលផងដែរ។
សូមបញ្ជាក់ថា នាឱកាសដែលសម្តេចតេជោហ៊ុនសែន អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣កន្លងមមក សម្តេចបានមានប្រសាសន៍ថា ព្រឹត្តិការណ៍រៀបចំប្រកួតកីឡានាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីកម្ពុជាបានរៀបចំកាលពីឆ្នាំ១៩៦៦ ហើយប្រទានអគ្គិជ័យកីឡាដោយ ព្រះមហាក្សត្រ។
សម្តេចបានថ្លែងផងដែរថា៖ «យើងធ្វើកិច្ចការរបស់យើង បានល្អប្រសើរ ហើយសូមអ្នកទាំងអស់គ្នា ប្រឹងយកឈ្នះមេដាយមាសឱ្យបានក្រែលបន្តិច ប៉ុន្តែរាល់មេដាយមាសទាំងអស់ ត្រូវតែជាមេដាយមាសសុច្ចរិត»។
ទន្ទឹមជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឧបត្ថម្ភដល់ គណៈប្រតិភូកីឡាស៊ីហ្គេមម្នាក់ៗ ៥០០ដុល្លារដើម្បីជាការលើកទឹកចិត្តផងដែរ ៕ ដោយ៖ ម៉ាដេប៉ូ