រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីសមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣នេះ ជាការលើកកម្ពស់សិទ្ធិការងាររបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម  អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា កម្មវិធី «សមាជិក ប.ស.ស. ឆ្នើម ២០២៣»ជាការលើកកម្ពស់សិទ្ធិការងាររបស់កម្មករ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ក្នុង​ឱកាសដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ។

ឯកឧត្តមថ្លែងឡើងបែបនេះក្នុងកម្មវិធី ​​«សមាជិក ប.ស.ស. ឆ្នើម ២០២៣» ដែលធ្វើនៅសាលសន្ដិភាព ស្នាក់​ការកណ្ដាល​បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) រាជធានីភ្នំពេញនារាត្រី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម​បានលើកឡើងថា ​កម្មវិធីនេះ​នា​​ឆ្នាំនេះ ​ជាលើកទី៦ហើយដែលប.ស.ស.​បានរៀបចំកម្មវិធីនេះឡើង ដែល​មានលក្ខណៈទូលំទូលាយជាងមុន នឹងមានការចូលរួមសហការពី​សមាគម​វាយ​ន​ភណ្ឌ​ សម្លៀក​បំពាក់​ ស្បែកជើង​ និង​ទំនិញ​ធ្វើ​ដំណើរ​ (TAFTAC), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងធនាគារដៃគូពាក់ព័ន្ធនានា។​​ការរៀបចំពិធីនាពេលនេះស្ថិតក្នុងបរិយាកាសដែលកម្ពុជាបា​នរួមគ្នាបន្តថែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រទេសជាតិទទួលបា​ននូវការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋបានសប្បាយរីករាយទូទាំងប្រទេស ជាពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិថ្មីៗកន្លងទៅនេះ»។

ឯកឧត្តមបន្តថា ៖ «វាបង្ហាញឱ្យឃើញពីការខិតខំយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារគ្រប់បែបយ៉ាងដល់កម្ម​ករនិយោជិតឱ្យទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ រួមទាំងកិច្ចគាំពារសង្គម»។

សូមរំឭកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានរៀបចំកម្មវិធី «សម្រស់ឯកវាយនភណ្ឌ» បានចំនួន៥លើករួចមកហើយ ចាប់ពីឆ្នាំ២០១៥-២០១៩ ប៉ុន្តែត្រូវបានអាក់ខានចំនួន៣ឆ្នាំ គឺឆ្នាំ២០២០-២០២២ ដោយសារតែវិបត្តិជំងឺកូវីដ១៩។ ឆ្នាំ២០២៣នេះ គឺជាការវិលត្រឡប់មកសាជាថ្មីនៃកម្មវិ​ធីនេះ តែបានប្តូរឈ្មោះមកជាកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» វិញ។

បន្ទាប់ពីបេក្ខជន បេក្ខនារី បានបងា្ហញទេពកោសល្យ និងបញ្ចេញសមត្ថភាពយ៉ាងស្វាហាប់ក្នុងកម្មវិធីប្រកួ​តប្រជែង​នេះ​ គណៈកម្មការបានវាយតម្លៃជ្រើសរើសបេក្ខជន បេក្ខនារី ដែលឆ្នើមចំនួន ១០រូប ដែលនឹងក្លាយជាម្ចាស់ជ័យលាភីលេខ១ លេខ២ លេខ៣ និងជ័យលាភីប្រជាប្រិយភាពផងដែរ។

ដោយក្នុងនោះ ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៦លានរៀល, ​ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ៥លានរៀល,  ជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ៤លានរៀល និងជ័យលាភីប្រជាប្រិយភាព ទទួលបានថវិកាចំនួន ២,៥លានរៀល៕

ដោយ៖ជា សុខនី

ads banner